(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក១១ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរ ប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទះក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវយ៉ាងផុលផុស ក្នុងពេលធ្វើចរាចរណ៍ ដែលរួចចំណែកការកាត់បន្ថយ ការបាត់បង់ជីវិតរ រងរបួស និងការខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោរនាពេលកន្លងទៅ។
សម្តេចបន្តថា ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវ មានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរច្បាប់។ ក្នុងឱកាសដែលទូទាំងប្រទេស កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលដែលយើងនឹងប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់បន្ថែម លើការអនុវត្តគ្រប់វិធានការការពារជំងឺកូវីដ១៩ សូមមេត្តាខិតខំយកចិត្តទុក ដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមវិធានការដូចជា៖
១៖ ត្រូវពាក់មួយសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។
២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៣៖ មិនត្រូវបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៤៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៥៖ ត្រូវពាក់ខ្សែក្រវ៉ាតសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៦៖ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៧៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកយានយន្តជាប្រចាំ ពិសេសត្រូតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។
៨៖ សូមកុំផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃ ធ្វើដំណើរក្នុងឱកាសនេះ។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ។
១១៖ សូមបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យក វិធានការច្បាប់ដ៏តឹងរឹង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។
សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ដើម្បីចៀងវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ឲ្យបានខ្ពាប់ខ្ជូន ដើម្បីការពារអាយុជិវិតខ្លួនផ្ទាល់ ដើម្បីភាពសុខដុមរម្យនា ក្នុងសង្គមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិយើង៕