(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តួចផ្តើមកៀរគរ ធនធានហិរញ្ញវត្ថុ និងសម្ភារបរិក្ខារពេទ្យ ក្នុងចំណោមសមាជិករបស់ខ្លួន។
នៅក្នុងដំណាក់កាលដំបូងនេះ សមាគមទាំងពីរ បានប្រមូលថវិកា និងសម្ភារដូចបានរៀបរាប់ខាងក្រោម៖
១៖ ទឹកប្រាក់ចំនួន២៨០,៣៥០,០០០រៀល និង ៤៨,៥៤៥ ដុល្លារអាមេរិក
២៖ សម្ភារបរិក្ខារពេទ្យរួមមាន៖ ទឹកអាកុលចំនួន៥០ប៊ីដុង ទឹកលាងដៃសម្លាប់មេរោគ (ជែល) ចំនួន៣០ប៊ីដុង និងម៉ាស់សរុបចំនួន៣៧០០សន្លឹក ដែលមានទឹកប្រាក់សរុបចំនួន៦,៣៥៦ដុល្លារអាមេរិក។
នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សមាគមទាំងពីរបានយកថវិកា និងសម្ភារខាងលើទៅប្រគល់ជូនរាជរដ្ឋាភិបាល តាមរយៈលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី។
ថវិកា និងសម្ភារទាំងនេះ ទទួលបានមកពីការចូលរួមវិភាគទានរបស់សមាគមទាំងពីរ រួមជាមួយសមាជិករបស់ខ្លួនចំនួន១៦គ្រឹះស្ថានធនាគារ និង៣១គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។
សមាគមទាំងពីរ សូមថ្លែងអំណរគុណដល់សមាជិករបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈការបរិច្ចាគជាថវិកា ឬជាសម្ភារ ដោយផ្ទាល់ ឬតាមរយៈសមាគម។
នេះជាគ្រាដ៏លំបាកមួយ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ហើយសមាគមទាំងពីរ រួមជាមួយសមាជិកជាគ្រឹះស្ថានធនាគារ និងមីក្រូហិរវញ្ញវត្ថុ បាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ដើម្បីជួយប្រជាជនកម្ពុជា យើងឆ្លងកាត់ឧបសគ្គមួយនេះ។ យើងជឿជាក់ថា នឹងអាចយកឈ្នះការលំបាកជាមួយគ្នា ក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបប្រទះនូវការលំបាក ដែលបង្កឡើងដោយជំងឺកូវីដ១៩ សមាជិកសមាគមទាំងពីរ កន្លងមកក៏បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ តាមស្ថាប័នរៀងៗខ្លួនផងដែរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះ ។
សមាគមទាំងពីរក៏នឹងបន្តសម្របសម្រួល និងទទួលការបរិច្ចាគពីសំណាក់សមាជិករបស់ខ្លួន ដើម្បីយកទៅជូន រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋនឹងវីរ៉ុសកូវីដ១៩៕