(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានណែនាំលោកគ្រូ អ្នកគ្រូ និងបុគ្គលិកបម្រើការ នៅបុរីទារក និងកុមារជាតិ បង្កើនការផ្សព្វផ្សាយដល់ក្មេងៗក្នុងការអនាម័យខ្លួន ដើម្បីទប់ស្កាត់វីរុសកូវីដ១៩។ ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត ក៏បានណែនាំឲ្យកុមារ និងបុគ្គលិក ក្នុងបុរីទាំងអស់ ក៏ត្រូវប្រុងប្រយ័ត្នខ្លួន ឲ្យបានច្រើនបំផុត តាមរយៈការពាក់ម៉ាស់ លាងដៃ និងសាប៊ូ ឬអាល់កុល ជាប់ជាប្រចាំ និងខិតខំថែរក្សាការពារសុខភាពរបស់ខ្លួន ឲ្យបានល្អបំផុត។
ការប្រកាសណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានអញ្ជើញ ចុះសួរសុខទុក្ខ កុមារកំព្រា នៅបុរីទារក និងកុមារជាតិ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដល់បុរីទារក និងកុមារជាតិ សម្រាប់ ផ្គត់ផ្គង់ក្នុងបុរី ទារក និងកុមារជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោក វង សូត ក៏បាននាំយក អំណោយរួមមាន មីយើង៧០កេស ត្រីខ ៣កេស ប្រេងឆា៨កេស ទឹកស៊ីអ៉ីវ២០យួរ ប៊ីចេង១២,៥គ.ក ទឹកដោះគោ២កេស ស្ករស១២គ.ក ភួយ៥០ មុង៥០ កន្ទេល៥០ ក្នើយអោប៥០ ស្រោមកខ្នើយអោប៥០ សៀវភៅ១០០ក្បាល ប៊ិច១០០ដើម ខោអាវសិស្ស១០០កំប្លេ កាតាប៨០ ចំណែកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមើលថែក្មងៗ ចំនួន៨០នាក់ ទទួលបានថវិកា ចំនួន៥០.០០០រៀលក្នុងម្នាក់ៗ។
ថ្លែងនៅក្នុងពិធីនោះ អ្នកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិក៏បានសម្តែងការអរគុណជូនចំពោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានចែរំលេកអំណោយ និងបានអញ្ជើញចុះសួរសុខទុក្ខ ដល់កុមារកំព្រា ពិការ និងមន្រ្តី ដែលបម្រើការងារ នៅក្នុងបុរី ក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងនឹង វីរុសកូវីដ១៩។
លោកស្រី បានបន្ថែមថា កាយវិការនេះ គឺបានបង្ហាញពីការស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការអាណិតអាសូរ ដល់កុមារកំព្រា និងកុមារនាពេលនេះ។
បច្ចុប្បន្នេះ បុរីទារក និងកុមារជាតិ មានកុមារចំនួន១៤៥នាក់ ក្នុងនោះ មានស្រី៦៧នាក់។ កុមារ និងជនដែលមានពិការភាព កំពុងរស់នៅក្នុងបុរី សព្វថ្ងៃគឺពួកគាត់កំព្រា មិនមានសាច់ញាតិ៕