(ភ្នំពេញ)៖ របាយការណ៍ដែលបង្ហាញដោយមន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា រហូតដល់ពេលនេះ ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា បានផ្ទុកចំនួនទណ្ឌិតច្រើនហួសកម្រិត ដែលមានទណ្ឌិតលើសចំនួនកំណត់ជាង ២៣ភាគរយ។
នៅក្នុងសន្និសីទកាសែតនៅទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ លោក បេ ទាឡេង ប្រធាននាយកដ្ឋានប្រតិបត្តិនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា «បញ្ហាប្រឈមដែលមានភាពចង្អៀតណែននេះ យើងពិនិត្យជារួម ពន្ធនាគារយើងគឺអាចផ្ទុកបានទណ្ឌិតតែ ១២០០០នាក់ទេ ក៏ប៉ុន្តែរហូតដល់បច្ចុប្បន្នពន្ធនាគារយើងផ្ទុក ជនជាប់ឃុំរហូតដល់១៧៨៩៦នាក់ ក្នុងនោះយើងគិតជាភាគរយគឺស្មើនឹង ២៣,៧៣»។
លោកបានបន្ថែមថា ពន្ធនាគារដែលមានលក្ខណៈចង្អៀតណែននេះ មាននៅរាជធានីភ្នំពេញ (មន្ទីរម១ ម២ និងម៣) ខេត្តស្ទឹងត្រែង ក្រចេះ ព្រះសីហនុ និងខេត្តកំពង់ស្ពឺ ជាដើម ដែលមានបន្ទប់ខ្លះ បានកើនដល់ពី ២៨ទៅ៣០នាក់ ខណៈដែលបន្ទប់ធម្មតាដាក់បានត្រឹមតែ២៥នាក់ ហើយថាក្នុងចំណោមទណ្ឌិតដែលជាប់ឃុំជាង ១៧ពាន់នាក់នេះ មាន៥ភាគរយប៉ុណ្ណោះ ដែលមានប្រព្រឹត្តបទឧក្រិដ្ឋធំៗ ហើយជាង៧០ភាគរយ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ បានបង្ហាញក្តីបារម្ភចំពោះសុខភាពទណ្ឌិតនៅក្នុងពន្ធនាគារ ខណៈដែលចំនួននេះបានកើនឡើង។ លោកថា «បើយើងពិនិត្យមើលទៅវាប៉ះពាល់ដល់សុខភាព បើបន្ទប់ចង្អៀតណែន ការគេង ការធ្វើអ្វីមួយគឺពិបាក ដូចជាគេងប្តូរវេនគ្នា ឬគេងចំណិតត្រសក់ ការចេញទៅស្រូបខ្យល់ឱកាសនៅខាងក្រៅក៏ត្រូវឆ្លាស់វេនគ្នា ដោយសារមានចំនួនច្រើនពេកមិនអាចទៅទាំងអស់គ្នាបាន ហើយបើមានជំងឺឆ្លងវាលឿនណាស់ ហើយយើងឃើញមានអ្នកជក់បារី មានមនុស្សច្រើនវាអាចប៉ះពាល់ដល់សុខភាពហ្នឹងដែរ»។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោស ដល់ទណ្ឌិតប្រមាណ ៤៧៩នាក់ នៅក្នុងឱកាសបុណ្យដែលមានការលើកលែងទោសទាំង៣ (ចូលឆ្នាំ អុំទូក និងពិសាខបូជា)។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌៕