Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ស្នើឲ្យបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

07-04-2020 11:12

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានស្នើឲ្យអភិបាលរាជធានី-ខេត្ដ ចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត និងក្រសួងទេសចរណ៍ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

បើតាមលិខិតចំនួន២ដាច់ដោយឡែកពីគ្នារបស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ផ្ញើជូនទៅអភិបាលរាជធានី-ខេត្ដ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ានេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩។

សូមជម្រាបថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៥៨នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៥៧នាក់ ក្នុងចំណោមកូវីដ១១៥ករណី គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០៕