(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានចាត់តាំងក្រុមការងារ ដឹកនាំដោយឧត្តមសេនីយ៍ឯក អ៊ឹម សារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ចុះណែនាំពន្យល់បន្ថែមនូវវិធីសាស្ត្រការពារការឆ្លងជំងឺកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន, រោងជាងជួសជុលចម្រុះ, ទីបញ្ជាការ K4, អង្គភាពឃ្លាំងសព្វាវុធកា៨៦, ទីបញ្ជាការ K5 និង វរសេនាធំដឹកជញ្ជូនការពារ។
ការចុះណែនាំបានធ្វើឡើងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពីវិធីសាស្រ្តការពារការឆ្លងនូវជំងឺកូវីដ១៩ (COVID-19)។
ឆ្លៀតក្នុងឱកាសនោះលោកក៏បានពាំនាំនូវការណែនាំ ពន្យល់បន្ថែម និងពីសំណាក់នាយឧត្តមសេនីយ៍អគ្គនាយក សូមឲ្យនាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម ព្យាយាមលាងដៃជាមួយអាល់កុល ឬក៏ទឹកសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាសឲ្យជាប់ ពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ជាពិសេស ត្រូវវាស់កំដៅយ៉ាងហោចណាស់ឲ្យបាន១ដងក្នុង១ថ្ងៃ៕