(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំណៈរដ្ឋមន្ត្រី ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃចុងសប្តាហ៍ ក្នុងសប្តាហ៍ទី២ និងទី៣ នៃខែមេសា មិនត្រូវបានធ្វើនោះឡើយ ត្រូវលើកទៅថ្ងៃក្រោយវិញ។
ក្នុងលិខិតជម្រាបជូនទៅឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប្រតិភូនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគូសបញ្ជាក់ថា កិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី១០ និងទី១៧ ខែមេសា ត្រូវបានលើកទៅពេលក្រោយជំនួសវិញ។
ក្នុងលិខិតមិនបានបញ្ជាក់ពីមូលហេតុនៃការលើកពេលកិច្ចប្រជុំនេះឡើយ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីតែងតែមានកិច្ចប្រជុំប្រចាំសប្តាហ៍រៀងរាល់ថ្ងៃសុក្រ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ ក៏ដូចជាពិនិត្យទៅលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល៕