(ភ្នំពេញ)៖ នៅឯបញ្ជរបង់ប្រាក់កំបូលនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ បុគ្គលិកក្រុមហ៊ុន អេហ្សិត កំពុងមមាញឹក និងញាប់ដៃញាប់ជើង អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល អំពីការសម្រេចលើកលែងមិនយកប្រាក់ ចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីម៉ោង ០០៖០០នាទីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។
សកម្មភាពដែលបុគ្គលិកក្រុមហ៊ុន អេហ្សិត បាននិងកំពុងធ្វើយ៉ាងមមាញឹកនេះ រួមមាន៖
១. ការដាក់តាំងបង្ហាញបដាលិខិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និង ដឹកជញ្ជូន ដែលបានសម្រេច កាលពីម្សិលមិញ
២. ការចែកជូនច្បាប់ថតចម្លងលិខិត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណៈការ និង ដឹកជញ្ជូន ដល់អ្នកបើកបររថយន្ត គ្រប់ប្រភេទ
៣. ការរៀបចំទីស្នាក់ការចុះឈ្មោះសុំការលើកលែងមិនបង់ប្រាក់ សម្រាប់រថយន្តប្រជាពលរដ្ឋ និងមន្ត្ររាជការរស់នៅតាមដងផ្លូវជាតិ លេខ៤ ដែលបានធ្វើដំណើរឆ្លងកាត់ញឹកញាប់ និង ជាប្រចាំ
៤. ការចែកជូនពាក្យស្នើសុំលើកលែងការបង់សេវាប្រើប្រាស់ផ្លូវ
លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋ និងមន្ត្រីរាជការ ទៅស្នើសុំពាក្យលើកលែងសេវាប្រើប្រាស់ផ្លូវជាង ២០០នាក់ និងមានការដាក់ពាក្យជា បណ្តើរៗផងដែរ។ ក្នុងនោះ ក៏បានចែកជូនលិខិតប្រកាសព័ត៌មានប្រមាណ ៣០០០ច្បាប់ហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ម្សិលមិញ អនុលោមតាមស្មារតីអង្គប្រជុំរវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ និងក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន បានសម្រេចអំពីរបៀបកំណត់អត្តសញ្ញាណរថ យន្តអនុគ្រោះពុំបង់ថ្លៃសេវាប្រើប្រាស់ផ្លូវតាមវិធីសាស្ត្រ ដែលមានស្រាប់យកមកអនុវត្តបន្ត ចំពោះរថយន្តគ្រួសារ និងមន្ត្រីរាជការរស់ នៅតាមដងផ្លូវជាតិលេខ ៤ ដែលធ្វើដំណើរញឹកញាប់ និងជាប្រចាំ។
ការសម្រេចដូច្នេះ បានធ្វើឡើងបន្ទាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និង ដឹកជញ្ជូនចេញសេចក្តីប្រកាស សម្រេចឲ្យលើកលែងការយកកំរៃសេវាប្រើប្រាស់ផ្លូវ ចំពោះរថយន្តគ្រួសារ និង មន្ត្រីរាជការមានទីលំនៅ នៅសងខាងផ្លូវជាតិលេខ៤ ដែលធ្លាប់ទទួលបានការអនុគ្រោះតម្លៃពិសេស១៨០០រៀលនាពេលកន្លងទៅ។ ការសម្រេចនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ នាវេលាម៉ោង ០០៖០០នាទីនេះតទៅ។
គួររំលឹកផងដែរថា ការសម្រេចទាំងអស់នេះគឺបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោស្ពានអាកាស៥មករា បានប្រកាសឲ្យក្រសួងពាក់ព័ន្ធទាំងពីរ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលើបញ្ហានេះ ដើម្បីឆ្លើយតបកង្វល់ និង ផលលំបាករបស់ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវជាតិលេខ៤៕