(ភ្នំពេញ)៖ ក្រុមគ្រួសារសពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នៅសហរដ្ឋអាមេរិក កំពុងមានអារម្មណ៍មិនសប្បាយចិត្ត ទៅនឹងវិធានការអសីលធម៌របស់សហរដ្ឋអាមេរិក មួយរយៈពេលមកនេះដែលទាមទារលុយចំនួន៣ពាន់ដុល្លារ ពីក្រុមគ្រួសារសពរងគ្រោះ សម្រាប់ជាជាថ្នូរនឹងការបូជាសព១នាក់ៗ ខណៈដែលក្រុមគ្រួសារមិនបានដឹងថា សពសាច់ញាតិរបស់គេទាំងនោះ ស្ថិតនៅទីណានៅឡើយ។
មិត្តភក្រ្តរបស់សពលោក ពុជ រស្មី ដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះថា រូបគេទើបទទួលដំណឹងថា សាច់ញាតិម្នាក់បានស្លាប់ ប៉ុន្តែត្រូវបានមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យទៅជិត ដើម្បីមើលសាកសពនោះទេ។
មិត្តភក្រ្តរបស់សពលោក ពុជ រស្មី បានបញ្ជាក់ថា៖ «សពនោះបានស្លាប់កាលពីថ្ងៃសៅរ៍ សាកសពនោះ រយៈពេល៧ថ្ងៃក្រោយទើបគេអនុញ្ញាតឱ្យបងប្អូនដឹង គេមិនឱ្យបងប្អូនគាត់ទៅបៀតទេ គេយកទៅដាក់នៅ Cooler (បន្ទប់ត្រជាក់) អស់ហើយ អញ្ចឹងគេយកទៅណា គេនឹងឱ្យដឹងនៅរយៈពេល៧ថ្ងៃទៀត គេគ្រាន់តែប្រាប់ថា សពហ្នឹងគេយកទៅបូជា ប៉ុន្តែគេឱ្យបងប្អូនហ្នឹង ចេញថ្លៃបូជាចំនួន៣ពាន់ដុល្លារ»។
លោកបានបន្តថា នៅសហរដ្ឋអាមេរិក នៅពេលដែលមានមនុស្សឈឺ ពេលនេះគឺពេទ្យមិនអនុញ្ញាតឱ្យអ្នកជំងឺទៅពិនិត្យនៅពេទ្យទេ គេគ្រាន់តែសួរយោបល់ថា ធ្លាប់ជួបជុំ ឬមានសកម្មភាពណាមួយដែលអាចនឹងឆ្លងជំងឺកូវីដ១៩ ឬអត់? ហើយបើសិនអ្នកទាំងនោះប្រាប់ថា ធ្លាប់មានការជួបជុំ ពេទ្យគ្រាន់តែប្រាប់ថ្នាំ ឬបញ្ជូនថ្នាំមកឱ្យតែប៉ុណ្ណោះ ហើយទុកឱ្យព្យាបាលដោយខ្លួនឯង។
ក្រៅពីការរិះគន់ទៅលើវិធានការអសីលធម៌ចំពោះសពជនរងគ្រោះដោយជំងឺកូវីដ១៩នេះ សហរដ្ឋអាមេរិក ក៏កំពុងតែរងការរិះគន់យ៉ាងខ្លាំងក្លាថា កំពុងតែជួបបញ្ហាខ្វះខាតសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងសម្ភារៈសម្រាប់ក្រុមគ្រូពេទ្យដែលព្យាបាលអ្នកជំងឺកូវីដផងដែរ។
នាពេលថ្មីនេះ គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានយំរៀបរាប់ប្រាប់ពិភពលោកតាមបណ្តាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យនៅអាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់ ដោយខ្វះខាតនូវសម្ភារៈពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 សូម្បីតែម៉ាសក៏គ្រូពេទ្យគ្មានពាក់ដែរ។
នាងបាននិយាយថា៖ «ខ្ញុំលាឈប់ពីការងារហើយនៅថ្ងៃនេះ។ ខ្ញុំបានទៅធ្វើការ ហើយខ្ញុំត្រូវបានគេប្រគល់ការងារឲ្យមើលខុសត្រូវលើអ្នកជំងឺ COVID-19 ម្នាក់នៅផ្នែកសង្រ្គោះបន្ទាន់។ នៅផ្នែកសង្រ្គោះបន្ទាន់នោះត្រូវបានប្រែក្លាយ ទៅជាកន្លែងផ្ទុកអ្នកជំងឺ COVID-19 នៅទីនោះមិនមានគិលានុបដ្ឋាយិកាណាម្នាក់ពាក់ម៉ាសការពារឡើយ សូម្បីតែម៉ាសពេទ្យធម្មតា (Surgical mask) តែខ្ញុំមានម៉ាស N95 របស់ខ្ញុំផ្ទាល់។ ខ្ញុំបានប្រាប់ទៅអ្នកគ្រប់គ្រងរបស់ខ្ញុំថា ខ្ញុំពិតជាយល់ថា យើងខ្វះខាត សម្ភារៈ ប៉ុន្តែសូមមេត្តាឲ្យរូបខ្ញុំការពារខ្លួនឯង ដើម្បីឲ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពពេលធ្វើការ... ខ្ញុំមានគ្រួសារដែលខ្ញុំត្រូវត្រឡប់ទៅជួបជុំនៅឯផ្ទះវិញ រីឯស្ថានការណ៍គឺមើលទៅ មិនអាចប្រសើរឡើងឡើយ... សហរដ្ឋអាមេរិកមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ទេ ហើយគ្រូពេទ្យដែលត្រូវមើលថែទាំអ្នកជំងឺ គឺមិនទទួលបានការការពារត្រឹមត្រូវទាល់តែសោះ»។
ចំនួនអ្នកជំងឺកូវីដ១៩ ដែលស្លាប់នៅសហរដ្ឋអាមេរិក បានកើនដល់ជាង៩៦០០នាក់ហើយ គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ខណៈដែលអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់៣.៣សែននាក់ ដែលបានរុញច្រានប្រទេសមហាអំណាចនេះ ឱ្យក្លាយជាប្រទេសទី១ លើពិភពលោកដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបង្អស់៕