(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន រួមដំណើរដោយអភិបាលរងខណ្ឌ លោក អាំង សិរីពិសិដ្ឋ និងលោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លេបាសាក់ បានបន្តចុះសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅតាមបន្ទប់ជួលក្នុងខណ្ឌចំការមន។
ក្នុងការចុះសំណេះសំណាល និងសួរសុខទុក្ខតាមបន្ទប់ជួលនេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានអោយដឹងថា ដោយសារតែបញ្ហាជំងឺ COVID-19 បានឆ្លងរីកដាលមកដល់ ប្រទេសកម្ពុជាយើងហើយតាមបណ្ដាក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន បៀហ្គាដិន ខារ៉ាអូខេ ត្រូវបានបិទជាបណ្តោះអាសន្ន អ៊ីចឹងហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួន បានជួបនិងបញ្ហាអត់ប្រាក់ខែបង់ថ្លៃផ្ទះ ឬបន្ទប់ជួល ដូចឆ្នេះហើយរូបលោកក៏ទទូចស្នេីសុំអោយបងប្អូនដែលជាម្ចាស់ផ្ទះមាន បន្ទប់ជួល ក្នុងខណ្ឌចំការមន មេត្តាអនុគ្រោះយោគយល់បន្ធូរបន្ថយទៅតាមលទ្ធភាពដែលម្ចាស់ផ្ទះអាចធ្វើទៅបាន។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តទៀតថា ដូច្នេះហើយគឺនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោកបានបន្តដឹកនាំកម្លាំងមន្ត្រីសាលាខណ្ឌ ចំការមនចុះទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាម្ចាស់ផ្ទះមួយកន្លែង ស្ថិតនៅចំភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលផ្ទះ ជួលខាង លើគឺមានបន្ទប់ជួលចំនួន២៣៤បន្ទប់ ហើយម្ចាស់ផ្ទះខាងលើ ក៏បានបានបន្ធូរបន្ថយតាមការទទូចស្នេីសុំរបស់ថ្នាក់ដឹកនាំគឺបានបញ្ចុះតម្លៃ ២០-៣០ភាគរយ ដល់អ្នកជួលបន្ទប់ស្នាក់ផងដែរ ។
ជាចុងក្រោយ លោកអភិបាលក៏បានថ្លែងអំណរគុណដល់ម្ចាស់ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបន្ទប់ជួលចូលរួមទប់ស្កាត់ និងការពារការឆ្លងមេរោគ COVID-19 ដោយត្រូវចេះរក្សាអនាម័យ ដោយពាក់ម៉ាស់ លាងដៃឲ្យបានត្រឹមត្រូវ ជាមួយនឹងសាប៊ូ ជែលឬ អាកុលជានិច្ចដើម្បី សុខភាព និងការឆ្លងមេរោគ COVID-19 នេះផងដែរ៕