(ភ្នំពេញ)៖ តាមរយៈការប្រើប្រាស់បណ្តាញ 5G ល្បឿនលឿនដែលផ្តល់ដោយបរិក្ខារបស់ក្រុមហ៊ុន Huawei បានធ្វើឲ្យការផ្សាយផ្ទាល់កម្មវិធី «Today Focus» របស់ទូរទស្សន៍ CCTV 4 នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលបានបើកកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោក Ai Xiang ប្រធានក្រុមគ្រូពេទ្យជំនួយចិនប្រចាំនៅកម្ពុជា នៅការិយាល័យក្រុមហ៊ុន Huawei ក្នុងប្រទេសកម្ពុជា ដែលបានពិភាក្សាពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នៅកម្ពុជា អាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងគ្មានការរំខានឡើយ។
ក្រុមហ៊ុន Huawei បានបញ្ជាក់ថា បច្ចេកវិទ្យា 5G នឹងអាចជួយដល់ឧស្សាហកម្មក្នុងស្រុកជាច្រើនដូចជា៖ ការផ្សាយបន្តផ្ទាល់របស់ CCTV ការពិគ្រោះជំងឺពីចម្ងាយ Telemedicine ជាដើម។ វាក៏បានជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាទាំងអស់ ឲ្យកាន់តែមានភាពល្អប្រសើរឡើងផងដែរ។
បច្ចេកវិទ្យា 5G មានលក្ខណៈពិសេសជាច្រើនដូចជា៖ ល្បឿនលឿន ប្រើប្រាស់រយៈកាលទាប និងមានភាពចល័តខ្ពស់។ វាគាំទ្រដល់ការបញ្ជូនវីឌីអូកម្រិត HD ក្នុងពេលវេលាពិតប្រាកដ និងប្រកបដោយគុណភាពច្បាស់ល្អ ហើយវាអាចត្រូវបានដាក់ឱ្យដំណើរការបានយ៉ាងលឿនតាមរយៈបច្ចេកវិទ្យា FWA (Fixed Wireless Access) ដែលមិនត្រូវការភាពស្មុគស្មាញ និងការតភ្ជាប់ទៅនឹងបណ្តាញខ្សែកាបមួយម៉ែត្រចុងក្រោយនោះទេ។
ក្រៅពីនេះក្រុមហ៊ុន Huawei កម្ពុជា ក៏បានបរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដើម្បីជួយគាំទ្រដល់ក្រុមគ្រូពេទ្យជំនាញរបស់ចិនប្រចាំកម្ពុជា ហើយប្រព័ន្ធសន្និសីទ វីដេអូនេះ អាចភ្ជាប់ទំនាក់ទំនងរវាងក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែផងដែរ។ ទន្ទឹមនឹងនេះ ការធ្វើអន្តរទំនាក់ទំនងដោយរយៈពេលដំណើរការជាក់ស្តែង (Real-time) រវាងក្រសួងសុខាភិបាលកម្ពុជា មណ្ឌលសុខភាពខេត្ត និងមន្ទីរពេទ្យទូទាំង ២៥រាជធានីខេត្ត នឹងអាចដាក់ដំណើរការទៅបាន ដើម្បីបង្ការ និងព្យាបាលអ្នកជំងឺកូវីដ១៩ ក៏ដូចជាការពិគ្រោះយោបល់ពីចម្ងាយដោយរយៈពេលដំណើរការជាក់ស្តែង (Real-time)។
ប្រព័ន្ធនេះដំណើរការរួមគ្នាជាមួយបណ្តាញសាកល្បង 5G ដែលផ្តល់ដោយប្រតិបត្តិករនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ។ បរិក្ខា Huawei wireless router 5G CPE រួមជាមួយប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដែលគាំទ្រតំណភ្ជាប់យ៉ាងលឿន ជាពិសេសនៅតំបន់ដាក់អ្នកជំងឺដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ។ ការធ្វើរោគវិនិច្ឆ័យ និងការណែនាំពីចម្ងាយអាចធ្វើឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយវេជ្ជបណ្ឌិត និងអ្នកជំនាញ និងសូម្បីតែអ្នកជំនាញដែលមានទីតាំងនៅឯប្រទេសចិន ក៏អាចពិភាក្សា បានដែរប្រសិន បើចាំបាច់។
ការប្រើប្រាស់ប្រព័ន្ធ 5G Telemedicineនេះ មិនត្រឹមតែអាចជួយបង្កើនប្រសិទ្ធភាពទូទៅក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ វាក៏អាចជួយសន្សំសំចៃពេលវេលានៃប្រតិបតិ្តការការងារនៃកិច្ចប្រយុទ្ធប្រឆាំងផងដែរ ។ ក្រុមហ៊ុន Huawei ជាសហគ្រាសមួយដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការបម្រើ ប្រជាពលរដ្ឋ និងបានប្រតិបត្តិការធុរកិច្ចនៅកម្ពុជាអស់រយៈពេល២១ឆ្នាំមកហើយ ហើយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ «នៅកម្ពុជាដើម្បីកម្ពុជា» ។
សូមបញ្ជាក់ថា ដោយមានការណែនាំ និងជំនួយយ៉ាងមុតមាំពីស្ថានទូតចិនប្រចាំកម្ពុជា ក្នុងនាមក្រុមហ៊ុន Huawei នឹងខិតខំប្រើប្រាស់នូវ វិធីសាស្ត្របច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់របស់ខ្លួនរួមមាន៖ បច្ចេកវិទ្យា 5G បញ្ញាសិប្បនិម្មិត AI និងជាពិសេសប្រព័ន្ធសន្និសីទវីដេអូ Huawei cloudlinkដើម្បីគាំទ្រយ៉ាងពេញទំហឹង ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងនេះ ហើយជឿជាក់ថា បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT បានក្លាយជាមធ្យោបាយដ៏សំខាន់ ដើម្បីលើកកម្ពស់ដល់យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះនៅក្នុងប្រទេសកម្ពុជា៕