(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសប្បុរធម៌ ពីក្រុមហ៊ុនអេរ៉ូទិក រួមមានទឹកសុទ្ធចំនួន ១០០កេស និងម៉ាស់ចំនួន៤.០០០ម៉ាស់ ក្រោមជំនួយឧបត្ថម្ភពីលោកស្រី វ៉ាន់ លុយ និងលោកឧកញ៉ា ទៀង ថៃ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។
ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីវិធានការ និងការធ្វើអនាម័យក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគ COVID-19 ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា លោកស្រីក៏បានប្រគល់ជូនទាំង ១៤ខណ្ឌ នៃរាជធានីភ្នំពេញ ក្នុងមួយខណ្ឌៗទទួលបាននូវទឹកសុទ្ធចំនួន៧កេស ម៉ាស់ចំនួន ២៥០ម៉ាស់ និងថវិកាមួយចំនួន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលចុះបំពេញការងារ។
លោកស្រីក៏ បានផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណដល់លោក លោកស្រី ជាថ្នាក់ដឹកនាំខណ្ឌទាំងអស់ ដែលតែងតែធ្វើសកម្មភាព តាមបណ្តាខណ្ឌមូលដ្ឋានរៀងៗខ្លួន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាលភាពរបស់ពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19។
លោកស្រីក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំខណ្ឌទាំងអស់បន្តធ្វើសកម្មភាពនេះជាប្រចាំ និងសូមឲ្យបងប្អូនជនរួមជាតិ បន្តធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃនិងត្រូវសហការជាមួយមន្ទីរពេទ្យ ប្រសិនបើមានករណីសង្ស័យណាមួយ។
លោកស្រីក៏បានជូនពរឲ្យបងប្អូនជនរួមជាតិជៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយ ជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អៗ គ្រប់ៗគ្នា។ កុំភ្លេចដុសលាងសម្អាតដៃជា ប្រចាំដើម្បីទប់ស្កាត់បាក់តេរី និងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគ COVID-19 ។
លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោកស្រី វ៉ាន់ លុយ ដែលជាវស័យជនបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺ COVID-19នេះ។ ព្រមជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ក៏ចែកបន្តទៅអោយរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីបន្តផ្តល់ជូនប្រជាពលរដ្ឋ ក្នុងការបង្ការ ទប់ស្កាត់នូវមេរោគ COVID-19 ផងដែរ៕