(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ដោយកិច្ចខិតខំប្រឹងប្រែង ការធ្វើពលីកម្មសព្វបែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសុខាភិបាល បានបញ្ជ្រៀបសារអប់រំ ផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 កុំឱ្យរីករាលដាលដូចបណ្តាប្រទេសនានា ជុំវិញពិភពលោក។
ការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកអញ្ជើញ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងប្រគល់ថវិកា សម្ភារ ជូននាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ជាអង្គភាពសម្ពន្ធ័មេត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានលើកឡើងយ៉ាងដូច្នេះថា៖ «ដោយសារការខិតខំប្រឹងប្រែង ការធ្វើពលីកម្មសព្វបែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យស្ថានភាព សព្វបែបយ៉ាងគួរជាទីមោទនៈ ក្នុងពេលដែលប្រទេសជឿនលឿន ផ្នែកវេជ្ជសាស្ត្រ វិស័យពេទ្យ និងទំនើបដល់អាវកាស ប៉ុន្តែជំងឺកូវីដ១៩ដូចជំងឺផ្តាសាយ មិនមែនថាប្រទេសអស់នេះធ្វើល្អជាងប្រទេសយើងនោះទេ»។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការព្យាករណ៍ទុកជាមុន ការប្រុងប្រយ័ត្នទុកជាមុន នៅពេលដែលប្រទេសយើងមិនទាន់មានម្នាក់កើតជំងឺនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបំផុសកុំឱ្យប្រជាពលរដ្ឋភ័យខ្លាច ព្រោះជំងឺនេះបើភ័យខ្លាច គឺឆាប់ណាស់។ លោកថ្លែងថា ត្រង់ក្រុមប្រឆាំងនៅក្រៅប្រទេសថាយ៉ាងម៉េច ក៏ដោយក៏លោកមិនតប លោកគិតថាលោកស្រឡាញ់ប្រជាជន។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបន្ថែមទៀតថា «នៅពេលដែលកសាងអារម្មណ៍មួយរឹងមាំហើយ យកការភ័យខ្លាចដែលមាន ក្នុងអារម្មណ៍មនុស្សម្នាក់ៗ ឱ្យទៅជាម៉ាស៊ីនភ្លើងមួយ សម្រាប់បញ្ឆេះក្នុងការប្រយុទ្ធ។ បើគ្មានគំនិតដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទេ លោកជឿជាក់ថា មកដល់ម៉ោងនេះ មិនដឹងប្រឈមយ៉ាងមេចទេ»។
ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បានធ្វើការណែនាំឲ្យទាហានគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នកុំឱ្យឆ្លងជំងឺកូវីដ១៩នេះ។ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕