(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤ ឱ្យយកចិត្តទុកដាក់ត្រូវតែចុះទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេសណែនាំដល់ចៅសង្កាត់ បន្តឱ្យផ្សព្វផ្សាយពីវិធីការពារ និងទប់ស្កាត់ការឆ្លងជំងឺ COVID-19 ដល់ប្រជាពលរដ្ឋ និងសហគមន៍ ពោលគឺ បើឃើញថា កន្លែងណា ឬតំបន់ណាមួយ មានការប្រមូលផ្ដុំខុសពីអ្វីដែលជាការណែនាំ របស់ក្រសួងសុខាភិបាល ត្រូវតែពន្យល់និងណែនាំពួកគាត់ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវជំងឺនេះ។
ជាងនេះទៅទៀត លោកអភិបាលរាជធានី បានណែនាំទៀតថាណ អាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឲ្យបាននូវពលករមកពីប្រទេសថៃ និងមកពីប្រទេសផ្សេងទៀត មករស់នៅក្នុងមូលដ្ឋានរបស់យើង ដោយត្រូវធ្វើរបាយការណ៍ជាក់លាក់មួយមករដ្ឋបាលរាជធានី ហើយនឹងដាក់ឲ្យគាត់នៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល១៤ថ្ងៃ។ ការអនុវត្តបែបនេះ មិនត្រឹមតែជួយគាត់ទេ តែយើងអាចជួយគ្រួសារគាត់និងសហគមន៍រស់នៅរបស់គាត់ ឲ្យជៀសផុតពីជំងឺ COVID-19 ផងដែរ។
លោកក៏បានបញ្ជាក់ផងដែរថា «ក្នុងស្ថានភាពបែបនេះរហូតថ្ងៃទី៣០ខែមេសា ខាងមុខ បើមិនមានអ្វីប្រែប្រួលទេ នោះប្រទេសកម្ពុជាយើង គឺអាចរួចចាកផុតពីជម្ងឺកូវីដ១៩នេះហើយ ពេលនោះសេដ្ឋកិច្ច នឹងអ្វីៗគ្រប់យ៉ាងវានឹងល្អប្រសើរ ជាធម្មតាឡើងវិញ។ ដូច្នេះទេយើងត្រូវតែរួមគ្នាដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ ចំណែកបងប្អូនពលករមកពីក្រៅប្រទេស ពិសេសប្រទេសថៃ បើមានបញ្ហាខ្វះខាតត្រូវជួយដោះស្រាយគាត់ បើដោះស្រាយមិនបាន រាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញភ្លាម»។
លោក ឃួង ស្រេង ធ្វើការណែនាំបែបនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ខណៈដែលលោកអញ្ជើញចែក អាកុល និងម៉ាក់ជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យទៅសង្កាត់ទាំង១០៥ និងខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងមាស់ និងទឹកលាងដៃ លោកអភិបាលរាជធានីសូមឱ្យអាជ្ញាធរមូលដ្ឋាន ពន្យល់ឱ្យអ្នកមានជំងឺក៏ដូចពលរដ្ឋទូទៅដែរ ដើម្បីជាសផុតពីជំងឺឆ្លងត្រូវនាំគ្នាពាក់មាស និងលាងដៃជាប្រចាំ ជៀសវាងឆ្លងទៅអ្នកដ៏ទៃនិងក្រុមគ្រួសារ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃនេះ នៅរាជធានីភ្នំពេញ មិនមានអ្នកឆ្លងជំងឺ COVID-19 នោះទេ ខណៈដែលនៅទូទាំងប្រទេស ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះដែរ ក៏មិនមានអ្នកឆ្លង COVID-19 ដែរនោះ ហើយទន្ទឹមនឹងនេះក៏បានព្យាបាលឱ្យបានជាសះស្បើយ៥៣នាក់ និងអ្នកកំពុងព្យាបាលចំនួន៦១នាក់។
លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា កាលដែលមិនកើតមានឡើងនូវជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញក្នុងរយៈពេល៦ថ្ងៃនេះ គឺពិតជាបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ដូចជាសមត្ថកិច្ចទាំងអស់ដែលបានរួមគ្នា ទប់ស្កាត់នូវជំងឺរាតត្បាតដ៏សាហាវនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកក៏បានធ្វើការណែនាំឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចទាំងអស់កុំភ្លេចខ្លួន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺនេះ ដោយត្រូវចុះណែនាំប្រជាពលរដ្ឋឲ្យចេះការពារខ្លួន ទៅតាមការណែនាំរបស់ក្រសួងសុខាពិបាល។
គួរបញ្ជាក់ថា ក្នុងពិធីនោះ លោកឃួង ស្រេង បានផ្តល់អាកុលទៅឱ្យសង្កាត់ទាំង១០៥ ដោយក្នុងមួយសង្កាត់អាកុល ១កាន។ រដ្ឋបាលខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌ ទទួលបានអាកុល ៣កាន ម៉ាសចំនួន៤០០០០ម៉ាស និងអាកុលដប ចំណុះ១០០មីលីលីត្រ ៥០០ដប ដែលគិតជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក៕