(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជំរុញឱ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយន្តការចត្តាឡីស័ក នាំគ្នាទប់ស្កាត់ឆ្លងជំងឺ COVID-19។
ការជំរុញបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំស្តាប់របាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២០ ដើម្បីធ្វើការដោះស្រាយបញ្ហានានា និងលើកទិសដៅបន្ត នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់ គណៈអភិបាលខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត មេបញ្ជាការថ្នាក់ យោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។
បន្ទាប់ពីបានស្តាប់របាយការណ៍ក្នុងអង្គប្រជុំរួចមក លោក ងួន រតនៈ បានអនុញាត ឱ្យប្រធានអង្គភាពនីមួយៗ ឡើងរាយការណ៍ពីបញ្ហា ដែលកើតមានឡើង តាមជំនាញរបស់ខ្លួន ក្នុងនោះលោកបានសង្កត់ធ្ងន់អំពីជំងឺ COVID-19 ដែលកំពុងរីករាលដាលខ្លាំងលើពិភពលោក ដោយឡែកខេត្តបាត់ដំបង មានការឆ្លង៨ករណី ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត មកទល់ពេលនេះ បានជាសះស្បើយ ៤នាក់ហើយ គឺនៅសល់៤នាក់ទៀត ដែលឈានទៅរកការជាសះស្បើយឆាប់ៗ ខាងមុខនេះ ផងដែរ។
លោក ងួន រតនៈ បានបញ្ជាក់ពីបញ្ហាមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ការពង្រឹងច្បាប់ និងអនុវត្តច្បាប់ចរាចរណ៍ លើអ្នកជិះយានយន្ត គ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ គោរពច្បាប់ទាំងអស់គ្នា និងបន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការ គ្រប់អង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល តំបន់ការពារ និងធនធានធម្មជាតិ សំណង់ខុសច្បាប់។
ក្នុងឱកាសនោះដែរ ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានឱ្យរដ្ឋបាលក្រុង-ស្រុក សម្រុកធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល លើប្រជាពលរដ្ឋ និងពលករឆ្លងដែន ទើបមកពីប្រទេសថៃ ឬប្រទេសផ្សេងទៀត ពីការរក្សាអនាម័យបង្ការ ទប់ស្កាត់ការពារកុំឱ្យឆ្លងរោគឆ្លង COVID-19 ដោយមានការចាក់ផ្សាយមេក្រូ នៅគ្រប់ដ្ឋាន និងដើរពន្យល់ពួកគាត់នៅតាមខ្នងផ្ទះ ជាប្រចាំបានយល់ច្បាស់ពីវិធីការពារនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង COVID-19 កុំមានការឆ្លងបន្តកើនឡើងបន្ថែមទៀត។
ថ្មីៗនេះផងដែរ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង បានទទួលរងគ្រោះមហន្តរាយ ដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះប្រជាពលរដ្ឋបានរងគ្រោះមួយចំនួន នៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ហើយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានបានសហការជាមួយសាខាកាកបាទក្រហមខេត្ត ម្ចាស់ការចុះជួយសង្គ្រោះ និងនាំអំណោយចុះសួរសុខទុក្ខអ្នករងគ្រោះបានទាន់ពេលវេលាផងដែរ។
លោកអភិបាលខេត្ត បានធ្វើការបូកសរុបក្នុងកិច្ចប្រជុំនេះ ដោយរំលឹកនិងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថា ត្រូវសហការគ្នា រក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ សូមឱ្យបានជោគជ័យផងដែរ។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានចែកអំណោយរបស់សម្តេចក្រឡាហោម ស ខេងឧបនាយកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា
ផ្ទៃ ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១៤មាន៖ ក្នុង១ស្រុកទទួលបាន ២តោន សាប៊ូដុំ ២កែស សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានោងដែរ៕