(ឧត្តរមានជ័យ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកថវិកាចំនួន៣៤ម៉ឺនដុល្លារ យកទៅប្រគល់ជូនកងទ័ព និងនគរបាលការពារព្រំដែន ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ និងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តពោធិ៍សាត់។
ជាក់ស្តែងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ លោក កែវ រតនៈ បានដឹកនាំក្រុមការងារ ប្រគល់អំណោយស្បៀងអាហារ កង់ ម៉ាស ជែល អាកុល សាប៊ូលាងដៃ និងបានថវិកាសម្រាប់កងទ័ពម្នាក់ៗ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនដល់កងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំង នៅអង្គភាពកងពល តូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
លោក កែវ រតនៈ បានថ្លែងថា ជាប្រពៃណីរបស់អគ្គិសនីកម្ពុជា គឺតែងតែមក២ខែម្ដងជាប់ជាប្រចាំ តាមផែនការឆ្នាំនេះ ត្រូវជប់លៀងដ៏ធំជូនកងទ័ពដូចឆ្នាំមុនៗ ប៉ុន្ដែដោយសារតែបញ្ហាវីរុសកូវីដ១៩ មិនបានរៀបចំជួបជុំគ្នាវិញ ដោយគ្រាន់តែឧបត្ថម្ភស្បៀងអាហារ កង់ ម៉ាស ជែល អាកុល សាប៊ូលាងដៃ និងថវិកាសម្រាប់កងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោក កែវ រតនៈ បានថ្លែងទៀតថា អគ្គិសនីកម្ពុជាមានសម្ព័ន្ធមេត្រីជាមួយ កងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ និងកងពលតូចអន្ដាគមន៍លេខ១៤ នៅខេត្ដពោធិ៍សាត់ និងកងវីរសេនាតូចលេខ១ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដែលឈរជើងការពារ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
បន្ថែមពីនោះទៀត លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទាំង៤អង្គភាពនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អគ្គិសនីកម្ពុជា បានបញ្ចេញថវិកា៣៤ម៉ឺនដុល្លារអាមេរិក ដែលប្រមូលបានពីសប្បុរសជន ដើម្បីទិញជាស្បៀងអាហារ និងឧបករណ៍ផ្សេងៗ ជាពិសេសសម្រាប់ថវិកា ជួយដល់កងទ័ពម្នាក់ៗ ហើយអគ្គិសនីកម្ពុជា បានប្រគល់ជូនអង្គភាពទាំង៤នោះ រួចអស់ហើយ។
លោក កែវ រតនៈ បានលើកឡើងថា ឆ្នាំនេះថ្វីត្បិតតែមិនបានជួបជុំគ្នាជប់លៀង ប៉ុន្ដែការឧបត្ថម្ភគឺបានល្អជាងឆ្នាំមុនៗ ធ្វើឲ្យថវិកា និងស្បៀងអាហារ មានភាពបានល្អប្រសើរជាងឆ្នាំមុន ដែលធ្វើឲ្យកងទ័ពកាន់តែមានស្មារតីរឹងមាំ ក្នុងការអនុវត្ដគោលនយោបាយ ការពារទឹកដីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។
លោក កែវ រតនៈ បានបន្ថែមថា ទន្ទឹមនឹងនេះក៏ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ររបស់ខ្លួន ហើយនឹងជួយដល់ប្រជាជន និងត្រៀមខ្លួនអន្តរាគមន៍ តាមការចាំបាច់ណាមួយរបស់ថ្នាក់លើផងដែរ។ លោកបានថ្លែងថា គ្រប់កាលៈទេសៈទាំងអស់ អគ្គិសនីកម្ពុជា គឺអនុវត្ដតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន មិនភ្លេចយកចិត្ដទុកដាក់ ក្នុងការការពារទឹកដី តាមរយៈការជួយគាំទ្រដល់កងទ័ព។
គូសបញ្ជាក់ថា ថវិកាទាំង៣៤ម៉ឺនដុល្លារ ដែលត្រូវបានអគ្គិសនីកម្ពុជា ប្រគល់ជូនកងទ័ព និងនគរបាលការពារព្រំដែន ប្រចាំទិសប្រាសាទតាមាន់ និងតាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ខេត្ដពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងលើនេះដោយមានការចូលរួមឧបត្ថម្ភពីអាជ្ញាធរអគ្គិសនីកម្ពុជា និងអ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាគមអ្នកសាងសង់លំនៅឋានកម្ពុជា ដែលមានឧកញ៉ា លី ហួរ ជាប្រធានសមាគម៕