(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានទទួលនូវសម្ភារ បរិក្ខារវេជ្ជសាស្ដ្រ សម្រាប់ប្រើប្រាស់ឱ្យការទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ពីសភាពាណិជ្ជកិច្ចយុវជនកម្ពុជា-ចិន និងក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ។
ពិធីប្រគល់-ទទួលសម្ភារទាំងអស់នេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់សភាពាណិជ្ជកិច្ចយុវជនកម្ពុជា-ចិន និងក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត បានជួយឧបត្ថម្ភឧបករណ៍ សម្ភារបរិក្ខារទាំងនេះ ដែលបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)។
ជំនួយមនុស្សធម៌នេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ។
ក្នុងនោះ សភាពាណិជ្ជកិច្ចយុវជនកម្ពុជា-ចិន បានផ្ដល់សម្ភារវេជ្ជសាស្ដ្ររួមមាន៖
* សម្លៀកបំពាក់សុវត្ថិភាពមន្ដ្រីសុខាភិបាល ចំនួន១៨០
* ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៊ិនហ្រារ៉េត ចំនួន១៨០
* ម៉ាស N95 ចំនួន២,០០០
* វែនតាសុវត្ថិភាពចំនួន២០០
* របាំងមុខវេជ្ជសាស្ដ្រ ចំនួន២០០។
សម្រាប់ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីធីត បានផ្ដល់នូវផលិតផលអនាម័យសម្រាប់គ្រូពេទ្យជួរមុខ សរុបចំនួន ៣,០០០កញ្ចប់។
សូមជម្រាបថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ ធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕