(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអូរ តាគី និង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្ត បាត់ដំបង បាននាំថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ១៧លាន៨សែនរៀល ត្រូវបាន យកទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាពប្រមាណ៨៩នាក់នៅក្នុងនៅក្នុងឃុំតាម៉ឺន និងឃុំអូរតាគីស្រុកថ្ម គោល ខេត្តបាត់ដំបង។
លោក សួស អង្គារ៍ បានយកថវិកាចំនួន១៧លាន៨សែនរៀលនេះ យកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗ នៅព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០១៦នេះ ក្នុងនោះ ក្នុងឃុំតាម៉ឺនមានមានស្រ្តីទើបសម្រាលកូនមាន៤០នាក់ អ្នកមរណៈមាន៨នាក់ និងនៅឃុំអូរតាគី ស្រ្តីសម្រាលកូនមាន៣៦នាក់និងអ្នកមរណៈមាន៥នាក់។
ក្នុងឱកាសនាំថវិកាជូនស្រ្តីឆ្លងទន្លេ និងក្រុមគ្រួសារអ្នកមរណភាពនេះ លោក សួស អង្គារ៍ បាននាំយកប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និង ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ទៅជម្រាបជូនប្រជាពលរដ្ឋផងដែរ។
លោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និង ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់គណបក្ស គឺនៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារគណបក្សចាំជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើងជានិច្ច»។
លោក សួស អង្គារ៍ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ជាប្រមុខ ចាំជួយ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោក សួស អង្គារ៍ បានផ្តាំផ្ញើដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការរស់ នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារឲ្យបានទៀងទាត់ តាមពេទ្យណែនាំ។ ស្ត្រីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹង មូលដ្ឋាន បានលះបង់ពេលវេលា ព្រមទាំង ថវិកា និង សម្ភារៈចែកជូន ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយណាឡើយ។ លោកបានបញ្ជាក់ថា ថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង បានចែកជូនដល់ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីសម្រាលកូនទាំង២ឃុំចំនួន ៧៦នាក់នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់បន្ថែម ដែលជារបស់ប្រើប្រាស់សម្រាប់ កូនង៉ាផងដែរ៕