(ស្វាយរៀង)៖ មន្ត្រីយោធាម្នាក់ បានបដិសេធចំពោះបណ្តាញផ្សព្វផ្សាយមួយចំនួន ដែលបានចុះផ្សាយចោទប្រកាន់លោកថា ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅក្រុងបាវិត ខណៈសមត្ថកិច្ចជំនាញមិនបានរកឃើញថា លោកមិនជាប់ពាក់ព័ន្ធនោះឡើយ។
លោក ងួន ប្រុស ហៅវី អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីយោធា បានតាមរយៈភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះបានថ្លែងថា ការចោទនេះ បានកើតឡើង ក្រោយពីលោកត្រូវបានសមត្ថកិច្ចនាំខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០មក សាកសួរអំពីរឿងហេតុ ដែលបានស្គាល់ និងទំនាក់ទំនង រាប់អានជាមួយឈ្មោះ ត្រឹង វីកភូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម (ជាមុខសញ្ញាជួញដូរគ្រឿងញៀន) រយៈពេលកន្លងមក ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
លោកបានឲ្យដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ និងអប់រំណែនាំរួច លោកក៏បានសន្យាចំពោះមុខលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តស្វាយរៀងដូចខាងក្រោម៖
*ទី១៖ រយៈកាលកន្លងមករវាងរូបលោក និងឈ្មោះ ត្រឹង វីកភូ គឺបានស្គាល់ និងរាប់អានគ្នាជាធម្មតា ដោយពុំបានដឹងថាឈ្មោះនេះជាមុខសញ្ញារកស៊ីខុសច្បាប់នោះទេ
*ទី២៖ ឈប់មានទំនាក់ទំនងជាមួយក្រុមបក្ខពួករបស់ឈ្មោះ ត្រឹង វីកភូ និងចូលរួមសការជាសមត្ថកិច្ចក្នុងការតាមដានស្រាវជ្រាវសកម្មភាពរកស៊ីខុសច្បាប់នានា *ទី៣៖ មិនឲ្យមានការជាប់ពាក់ពន្ធ័ការរកស៊ីខុសច្បាប់ ឬប្រព្រឹត្តិបទល្មើសណាមួយឡើយ។
ដើម្បីរក្សាភាពស្អាតស្អំលោក ងួន ប្រុស បានសំណូមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន ជួយធ្វើការកែតម្រូវព័ត៌មានឡើងវិញ ព្រោះសមត្ថកិច្ចបានបញ្ជាក់ថា លោកពុំមានការពាក់ព័ន្ធ និងការជួញដូរគ្រឿងញៀននោះទេ៕