(ភ្នំពេញ)៖ ខណៈមានការកើតឡើងនូវអ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាបានធ្វើឲ្យតម្រូវការស្បៀងមានការកើនឡើងច្រើន ពិសេសតម្រូវការត្រីសាច់បែបធម្មជាតិ កំពុងមានកំណើន ពិសេសការកុម៉្មង់ទិញតាមប្រព័ន្ធអ៊ិនធើណេត (Online)។
ផ្សារកសិកម្មធម្មជាតិ ឡេង ណាវ៉ាត្រា គឺជាផ្សារកសិកម្មមួយ ដែលបម្រើជូននូវបន្ថែត្រីសាច់ បែបធម្មជាតិ និងគ្មានជាតិគីមី។ ជាក់ស្ដែងក្នុងកំឡុងពេល នៃការកើតមានឡើងជំងឺ Covid-19 ការបំពេញតម្រូវការត្រីសាច់ និងបន្លែបែបធម្មជាតិមានការកើនឡើងគួរឲ្យកត់សំគាល់ នេះបើតាមអ្នកគ្រប់គ្រងផ្សារ ឡេង ណាវ៉ាត្រា។
លោក អៀង យ៉ន អ្នកគ្រប់គ្រងផ្សារកសិកម្មធម្មជាតិ ឡេង ណាវ៉ាត្រា បានថ្លែងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» ថា «បច្ចុប្បន្នទូទាំងពិភពលោក កំពុងប្រឈមនឹងបញ្ហាកូវីដ១៩ ឃើញថា នៅលើដងវិថី និងទីប្រជុំជនមិនមានប្រជាពលរដ្ឋ ធ្វើដំណើរដូចមុនឡើយ ប៉ុន្ដែការលក់របស់ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា នៅតែមានកំណើនដូចមុនដដែល ដោយប្រជាពលរដ្ឋប្ដូរពីការមកទិញដោយផ្ទាល់ បានទិញតាមប្រព័ន្ធអនឡាញ ដោយមានការដឹកជញ្ជូន ជូនអតិថិជនដល់គេហដ្ឋាន និងចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ»។
លោកបានបន្ដថា បច្ចុប្បន្នផ្សារកសិកម្មធម្មជាតិ ឡេង ណាវ៉ាត្រា មានតែមួយសាខាប៉ុណ្ណោះ ប៉ុន្ដែយើងគ្រោងនឹងបង្កើតឲ្យបាន២៥០ផ្សារ នៅក្នុងឆ្នាំ២០២០នេះ ដែលធ្វើយ៉ាងណាឲ្យផ្សារ នៅជិតដៃអ្នកបរិភោគ។ ដោយឡែកសម្រាប់ផលិតផល ដែលកំពុងលក់នៅលើទីផ្សារ គឺជាផលិតផលក្នុងស្រុក របស់ប្រជាកសិករខ្មែរ។
លោកបានបន្ថែមថា ផ្សារកសិកម្មធម្មជាតិ ឡេង ណាវ៉ាត្រា បានសហការជាមួយប្រជាកសិករចំនួន១៨ខេត្ត ក្នុងការដាំដុះបន្លែធម្មជាតិ នាំយកមកចែកចាយនៅផ្សារកសិផល ឡេង ណាវ៉ាត្រា។ ផ្សារកសិកម្មធម្មជាតិ ឡេង ណាវ៉ាត្រា បានតម្រូវឲ្យកសិករគ្រប់ប្រភេទ ដែលមានបន្លែធម្មជាតិ ដោយបានសហការយ៉ាងទូលំទូលាយ ជាមួយប្រជាកសិករ៕