(ភ្នំពេញ)៖ ក្នុងនាមជាក្រសួងមានតួនាទីសម្របសម្រួលការទទួល និងការផ្ទេរវិភាគទានស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្រសួងមុខងារសាធារណៈ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយ ដឹកនាំដោយរដ្ឋលេខាធិការប្រចាំការ និងមានភារកិច្ចរៀបចំយន្តការទទួលវិភាគទាន ដែលទទួលបានពីក្រសួង ស្ថាប័ននានា ចងក្រងពត៌មានពីវិភាគទានស្ម័គ្រចិត្ត និងសហការជាមួយក្រសួង ស្ថាប័នក្នុងការរៀបចំនីតិវិធីផ្ទេរថវិកាវិភាគទានស្ម័គ្រចិត្ត ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ និងក្រសួងសុខាភិបាល។
ដោយឡែកចំពោះផ្ទៃក្នុង ក្រសួងមុខងារសាធារណៈ រហូតមកទល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ចំនួន២៦៥នាក់ មានទឹកចិត្តសទ្ធាជ្រះថ្លាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយបានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តនូវប្រាក់បៀវត្ស ដែលសរុបជាង២៨៨លានរៀល។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈទាំង២៦២នាក់រួមមាន៖
១៖ រដ្ឋមន្រ្តី ១រូប បរិច្ចាគប្រាក់បៀវត្សចំនួន៦ខែ ស្មើ២៧,៩៩០,០០០រៀល
២៖ រដ្ឋលេខាធិការប្រចាំការ ១រូប បរិច្ចាគប្រាក់បៀវត្សចំនួន៥ខែ ស្មើ២៣,០៥០,២៥០ រៀល
៣៖ រដ្ឋលេខាធិការ ១០រូប បរិច្ចាគប្រាក់បៀវត្សថវិកា៨០ម៉ឺនទៅ១លាន និងចំនួនពី៤ខែទៅ៦ខែ
៤៖ អនុរដ្ឋលេខាធិការ ១៩រូប បរិច្ចាគប្រាក់បៀវត្សថវិកា៥០ម៉ឺនទៅ៨០ម៉ឺន និងចំនួនពី៥ខែទៅ៦ខែ
៥៖ អគ្គនាយក អគ្គាធិការ ៤រូប បរិច្ចាគប្រាក់បៀវត្សថវិកា៣០ម៉ឺន ទៅ៥០ម៉ឺន និងចំនួន៥ខែ
៦៖ នាយករងសាលាភូមិន្ទរដ្ឋបាល ៥រូប បរិច្ចាគប្រាក់បៀវត្សថវិកា១៥ម៉ឺនទៅ២០ម៉ឺន និងចំនួនពី៥ខែទៅ៦ខែ
៧៖ អគ្គនាយករង ២៦រូប បរិច្ចាគប្រាក់បៀវត្សថវិកា១៥ម៉ឺន ទៅ៥០ម៉ឺន និងចំនួនពី៣ខែទៅ៦ខែ
៨៖ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត១៩រូប បរិច្ចាគប្រាក់បៀវត្សថវិកា១០ម៉ឺន ទៅ២លាន និងចំនួនពី៥ខែទៅ៦ខែ
៩៖ ប្រធាននាយកដ្ឋាន ប្រធានអង្គភាព និងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា ១៨២រូប បរិច្ចាគប្រាក់បៀវត្សថវិកា៥ពាន់ទៅ២០ម៉ឺន និងចំនួនពី៣ខែទៅ៨ខែ៕