(ភ្នំពេញ)៖ បុរសម្នាក់ដែលចាប់ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ចងជាប់នឹងទ្វារផ្ទះនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គឺលោក អ៊ូ ប៊ុនធី អាយុ៤១ឆ្នាំ ជាមន្ត្រីបម្រើការងារនៅមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ស្រេង ឆេងលីន ភេទស្រី អាយុ៦១ឆ្នាំ ជាម្ចាស់ផ្ទះជួល។
នេះយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អឿម នៀក ភេទស្រី អាយុ៣៣ឆ្នាំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានបញ្ជាទៅសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ផងដែរ។
លោកបានបញ្ជាក់ថា «ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជំរុញឲ្យសម្ថតកិច្ចទាំងអស់តាមចាប់ជនបង្កហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់»។
បើតាមសមត្ថកិច្ចមូលដ្ឋាន ពេលនេះជនសង្ស័យបានរត់គេចខ្លួនហើយ ដោយលោកបានជំរុញឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រម៉ា ចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា៕