(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ៨ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមខុទ្ទការល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានប្រាប់ Fresh News នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ ដោយផ្តល់ជូននូវប្រាក់បៀវត្សរបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា ចំនួន ៨ខែដោយគិតចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាកទាំងឡាយដែលកំពុងប្រឈមសម្រាប់កម្ពុជាបណ្តាលមកពីជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទី០១ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ រាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ប្រាក់បៀវត្សនាយករដ្ឋមន្ត្រីកម្ពុជា មានប្រមាណ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី ៨លាន ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លាន និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ។
ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចក្នុងមួយខែ៨លានរៀល រយៈពេល ៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
ក្រៅតែពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីតុលាការ ក៏បានសម្រេចបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្លួនជាបន្តបន្ទាប់ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីរួមចំណែកគ្នាជួយដោះស្រាយការលំបាករបស់ជាតិក្នុងពេលរងការរាតត្បាតដោយជំងឺកូវីដ១៩។
តាមរយៈកាយវិការទាំងនេះ បានបង្ហាញឱ្យឃើញនូវស្មារតីនៃការរួបរួមរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ក្នុងការដោះស្រាយនូវលំបាករបស់ជាតិ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន៕