(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចជំនាញ ខេត្តស្វាយរៀង បានបញ្ជូនជនជាតិវៀតណាម ប្រុស-ស្រី ចំនួន០៣នាក់ ទៅកាន់សាលាដំបូងខេត្ត បន្តនីតិវិធីច្បាប់ ករណី «រក្សាទុក ជួញដូរគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់»។
លោក កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំលោកស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយរូបលោកសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងបាវិត រដ្ឋបាលក្រុងបាវិត និងស្ថិតក្រោមការសម្របសម្រូលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់ចំនួន ៣ទីតាំងផ្សេងគ្នា ក្នុងនោះរួមមាន៖
* ទីតាំងទី១៖ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
* ទីតាំងទី២៖ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
* និងទីតាំងទី៣៖ នៅចំណុចណ្ឋាគារ «សុបិនពិសេស» ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងកិច្ចប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាមេក្លោង និងបក្ខពួកចំនួន៣នាក់ ស្រី១នាក់ (ជាជនជាតិវៀតណាម) មានឈ្មោះ ត្រឹង វឹកភូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម (ជាមេក្លោង), ទី២៖ ឈ្មោះ វ៉ូ ហ័រធឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម និងទី៣៖ មានឈ្មោះ ង៉ូ ធីអៀងថាន់ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម។
វត្ថុតាង ដែលពាក់ព័ន្ធ ក្នុងបទល្មើសសរុបទាំង៣ទីតាំង រួមមាន៖ សារធាតុញៀនសរុបទម្ងន់ ១៤៩៥.៧១(ក្នុងនោះ)មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៧៣.៤៣ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់៥៧០.៤៨ក្រាម, តាមីន (Ketamine) ទម្ងន់ ២៥១.៨០ក្រាម សារធាតុមិនទាន់ច្បាស់លាស់ ទម្ងន់២៤៤៩.៨២ក្រាម, រថយន្ត៤គ្រឿង, ម៉ូតូ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំ២គ្រឿង រួមនឹងសម្ភារវេចខ្ចប់ ឧបរណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕