(ភ្នំពេញ)៖ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន២០លានរៀល ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបរិច្ចាគចំនួន២ដង ក្នុងនោះមាន៖ លើកទី១៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយចូលរួមវិភាគទានជាទឹកប្រាក់ចំនួន ២០.០០០.០០០ រៀល សម្រាប់យុទ្ធនាការទប់ទល់ និងជំងឺកូវីដ១៩ និងលើកទី២៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានបរិច្ចាគប្រាក់បៀវត្សរ៍ ជាទេសរដ្ឋមន្រ្តីចំនួន ៥ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងកូវីដ១៩ ( COVID19 )
សូមបញ្ជាក់ថា ដើម្បីប្រមូលថវិកាសប្បុរសជន ដែលចង់ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ក្នុងនោះមាន៖
* កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។
* កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយដែលនឹងត្រូវបានផ្តល់ដោយសប្បុរសជននេះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជាយើង។ សម្តេចសូមជូនពរដល់ជូនរួមជាតិឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងចៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕