(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទីពីរ និងមានបទពិសោធន៍ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ជាង២៦ឆ្នាំ បាននឹងកំពុងតែបម្រើអតិថិជនរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុឥតឈប់ឈរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ។
ឆ្លងតាមបទពិសោធន៍ដ៏យូរអង្វែងកន្លងមកនេះ ហត្ថាកសិករ បានពង្រីកខ្លួនចាប់ពីការផ្តល់សេវាឥណទានខ្នាតតូចត្រឹមតែ០៤ឃុំប៉ុណ្ណោះ នៅក្នុងខេត្តពោធិ៍សាត់ រហូតដល់ការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជននៅគ្រប់ ឃុំ/សង្កាត់ ស្រុក/ក្រុង/ខណ្ឌ និងខេត្ត/រាជធានី ទូទាំងប្រទេស។ គិតត្រឹមខែ ធ្នូ ឆ្នាំ២០១៩ ហត្ថាកសិករ លីមីតធីត មានការិយាល័យប្រតិបត្តិការចំនួន ១៧៧ មានផលប័ត្រឥណទាន សម្រេចបានសរុប ១,០៥១លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុប ៥៩៩លានដុល្លារអាមេរិក និងមានចំនួនអតិថិជនគាំទ្រសេវាកម្មរបស់ហត្ថាកសិករជាង ៣៥០,០០០ អតិថិជន។
បន្ថែមពីលើនេះ ហត្ថាកសិករ លីមីតធីត មានភាគទុនិកដ៏រឹងមាំ ដែលជាធនាគារក្រុងស្រ៊ី (Krungsri) ជាមួយនឹងបទពិសោធន៍ហិរញ្ញវត្ថុនៅលើទីផ្សារជាតិ និងអន្តរជាតិ ជាង៧៥ឆ្នាំ និងជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ព្រមទាំងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។ ភាគទុនិករបស់ហត្ថាកសិករ មានចក្ខុវិស័យវែងឆ្ងាយ និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍ ហត្ថាកសិករ លីមីតធីត ឱ្យក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ដែលរឹងមាំ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
តាមរយៈបទពិសោធន៍ជាង ០២ទសវត្សកន្លងមក ការគាំទ្រ និងការតាំងចិត្តរបស់ភាគទុនិករបស់ហត្ថាកសិករ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងរបស់អតិថិជន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសធនាគារជាតិនៃកម្ពុជា ធ្វើឲ្យហត្ថាកសិករនៅតែបន្តឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារ ដោយរក្សាបាននូវសុវត្ថិភាព និងទំនុកចិត្តខ្ពស់សម្រាប់ប្រាក់បញ្ញើរបស់អតិថិជនទាំងអស់ដោយគ្មានការបារម្ភ។
ទោះបីនៅក្នុងអន្តរកាលដែលអតិថិជន និងសារណជនកំពុងព្រួយបារម្ភពីវីរុសកូវីដ១៩ ក៏ដោយ ហត្ថាកសិករ លីមីតធីតប្តេជ្ញាចិត្តបន្តបម្រើសេវាកម្ម ជូនអតិថិជនឱ្យបានល្អ ឥតខ្ចោះ ហើយនៅពេលដ៏ឆាប់ៗខាងមុខនេះ ហត្ថាកសិករ លីមីតធីត នឹងធ្វើការកែប្រែមុខមាត់ថ្មី ដោយធ្វើការផ្លាស់ប្តូរឈ្មោះ និងស្លាកសញ្ញា ដើម្បីឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការចងចាំ និងប្រើប្រាស់សេវាកម្មនានារបស់ហត្ថាកសិករ លីមីតធីត។
លើសពីនេះទៅទៀត ហត្ថាកសិករ លីមីតធីត នឹងធ្វើបច្ចុប្បន្នភាព និងបង្កើតសេវាហិរញ្ញវត្ថុថ្មីៗឱ្យកាន់តែទូលំទូលាយទៅតាមតម្រូវការអតិថិជន និងធានាជូននូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជន ជាពិសេសអតិថិជនដាក់ប្រាក់បញ្ញើសន្សំ សូមកុំព្រួយបារម្មណ៍ពីសុវត្ថិភាពសាច់ប្រាក់ឱ្យសោះ។
នៅក្នុងរយៈពេលនេះផងដែរ ហត្ថាកសិករ លីមីតធីត បានបង្កលក្ខណៈងាយស្រួលជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយហត្ថាកសិករដោយអតិថិជន អាចធ្វើប្រតិបត្តិការផ្សេងៗ តាមរយៈសេវាធនាគារចល័ត (Hattha Mobile) សេវាអេធីអឹម (ATM) និងតាមរយៈភ្នាក់ងារវីង (Wing Agent) ជាដើម ៕