(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅក្នុងវិទ្យាល័យហ៊ុនសែនតាខ្មៅ ត្រូវបានធ្វើតេស្តិជាលើកចុងក្រោយ ដោយលទ្ធផល «អវិជ្ជមាន» មានន័យថា មិនមានឆ្លងកូវីដ១៩ឡើយ។
ពួកគាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយនៅវេលាថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការជូនដំណើរ និងជួយឧបត្ថម្ភពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងអមដំណើរដោយមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត។
ស្ថិតនៅក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ពលរដ្ឋទាំង១២នាក់ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល។ ពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេជិតឯងរយៈពេល ១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ចឱ្យអស់ចិត្តដ្បិតបានចេញពីកន្លែងទុកដាច់ដោយឡែក ប៉ុន្តែត្រូវតែការពារខ្លួននិងគ្រួសារមួយតង់ទៀត ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសាររបស់លោកផងដែរ សូមរក្សាគម្លាតនិងការពារខ្លួនទាំងអស់គ្នា ហើយពិសេសផ្ដល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់គាត់ឱ្យបានគ្រប់គ្រាន់ និងផ្ដល់សម្ភារការពារខ្លួនដូចជាម៉ាស់ អាល់កុល ទឹកសម្លាប់មេរោគ ឬសាប៊ូដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន។
លោក គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា «ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ដល់ប្រជាពលរដ្ឋទាំងអស់ ដោយបារម្ភគិតគូរខ្លាចពលរដ្ឋមានជំងឺ។ បើមានឈឺ គឺពេទ្យទាំងអស់ត្រូវខិតខំព្យាបាលឱ្យជាសះស្បើយ ហើយការព្យាបាលនេះសម្ដេចតេជោ ពុំអនុញ្ញាតឱ្យគិតសេវានោះទេ ពោលគឺដោយឥតគិតថ្លៃ ធ្វើយ៉ាងណាគិតគូរពលរដ្ឋជាធំ»។
ទន្ទឹមនឹងសារនេះផងដែរ លោក ហ៉ីម អះម៉ាត់ តំណាងពលរដ្ឋទាំង១២នាក់ សុទ្ធតែជាអ្នកភូមិបារ៉ែនក្រោម ឃុំឈើទាល ស្រុកស្អាង បានលើកម្រាមដៃ១០ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់កូនចៅប្រជារាស្ត្រ មិនថាមានទុក្ខលំបាកយ៉ាងណាទេ ក៏ឃើញសម្ដេចទាំងទ្វេតែងតែនៅជាប់ ជួយកូនចៅប្រជារាស្ត្រជានិច្ច។ ពួកគាត់ ក៏សូមអរគុណដល់លោកអភិបាលខេត្តកណ្ដាល គង់ សោភ័ណ្ឌ, ក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងក្រសួងសុខាភិបាល ដែលព្យាយាមជួយព្យាបាល និងយកចិត្តទុកដាក់ឧបត្ថម្ភ ជួយជ្រោមជ្រែង លើកទឹកចិត្តដល់អ្នកជំងឺ ព្រមទាំងក្រុមគ្រួសារឱ្យផុតពីទុក្ខលំបាក ព្រមទាំងឧបត្ថម្ភផ្សេងៗទៀតជាច្រើនផងដែរ។
លោកក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់សូមកុំរើសអើងគ្នា ប៉ុន្តែជំនួសមកវិញការអាណិតអាសូរ ជួយជ្រោមជ្រែងគ្នាតាមដែលអាចធ្វើទៅបាន និងសូមចូលរួមការពារខ្លួនការរីករាលដាលជំងឺនេះ កុំឱ្យកើតមានបន្តទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។
គួរជម្រាបថា ពលរដ្ឋទាំង១២នាក់នេះ ជាមនុស្សដែលមានការស្និតស្នាលនឹងលោក ទូ ទ្រេះ ដែលមានផ្ទុកកូវីត១៩ ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ១០០% និងអនុញ្ញាតឱ្យទៅផ្ទះវិញនាម្សិលមិញនេះ៕