(កណ្តាល)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល លោក កែវ រ៉េមី បានលើកឡើងថា កម្ពុជាជាប្រទេសដែលមានចំណាត់ការអភិបាលកិច្ចល្អ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ ទប់ស្កាត់ បង្ការ វីរុស COVID-19 មិនឱ្យរីករាលដាលខ្លាំង ដូចបណ្តាប្រទេសដទៃទៀត ដែលទទួលកំពុងរងគ្រោះដោយសារតែវីរុស ដ៏កាចសាហាវនេះ។
ការលើកឡើងបែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលបានដឹកនាំក្រុមការងារ នាំយកអំណោយរបស់លោក ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ របស់ក្រុមការងារចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រ «ក១,ក២» ចំនួន ៣៧០គ្រួសារ នៅទូទាំងឃុំ ព្រមទាំងអប់រំផ្សព្វផ្សាយជុំវិញករណីវីរុស COVID-19 ជូនប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រពលរដ្ឋទាំងអស់ មិនថាតែនៅឃុំព្រែកអំបិល នោះទេ ពោលគឺនៅគ្រប់ស្រុកទាំងអស់នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសូមមានសុខភាពល្អ រកទទួលទានមានបានគ្រប់ៗគ្នា។
លោក កែវ រ៉េមី បានលើកឡើងថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏មានការរីកចម្រើនខ្លាំង មានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ ដែលអាចទ្រគ្រប់ស្ថានការណ៍ នៃបញ្ហាជំងឺទាំងអស់មិនថា COVID-19 ឡើយ ពោលគឺជំងឺធ្ងន់ជាងនេះ ក៏ពេទ្យស្រុកខ្មែរអាចមើលជាសះស្បើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ កុំមានការព្រួយបារម្ភណ៍ឡើយ អ្វីដែលសំខាន់ គឺខ្លួនយើងផ្ទាល់ត្រូវការពារខ្លួន អនាម័យជាប្រចាំ ពិសេសបើមានករណីសង្ស័យណាមួយ ឬមិនស្រួលខ្លួន សូមប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែកនៅជិតផ្ទះបំផុត ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
លោក កែវ រ៉េមី ក៏បានផ្ដាំផ្ញើរអាជ្ញាធរឃុំទាំងអស់ ត្រូវមានការបំផុសបំផុល ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នា ពីមាត់មួយទៅមាត់មួយឱ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យ ឱ្យបានខ្ជាន់
ខ្ជួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ខណៈជំងឺនេះ មានតិចតួចណាស់ នៅកម្ពុជា ហើយរដ្ឋាភិបាល បានគិតគូរ និងយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះការព្យាបាលឱ្យជាសះស្បើយ ខណៈមនុស្ស ចំនួន៥៣នាក់ហើយ ត្រូវបានគ្រូពេទ្យខ្មែរយើងព្យាបាលជាសះស្បើយ។
លោក កែវ រ៉េមី បានបន្ថែមទៀតថា ខណៈដែលជំងឺកូវីត១៩ កំពុងកើតមានតិចតួច នៅកម្ពុជា សូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភណ៍ច្រើនជ្រុល កុំភ័យខ្លាច កុំស្លន់ស្លោរ ប៉ុន្តែត្រូវនាំគ្នាឧស្សាហ៍អនាម័យខ្លួនប្រាណ អនាម័យបរិស្ថាន មានការពាក់ម៉ាស លាងសំអាតទឹកអាល់កុល ជាញឹកញាប់ ជាពិសេសបើសង្ស័យថាមានអាការៈមិនស្រួលណាមួយ ត្រូវប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត។
ជាចុងបញ្ចប់ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិល លោក កែវ រ៉េមី អំពាវនាវដល់ប្រជាពលរដ្ឋផ្សេងដែលមិនបានទទួលអំណោយ ដូច្នេះ សូមកុំមានការអាក់អន់ស្រពន់ចិត្ត ព្រោះអំណោយទាំងអស់នេះ គឺក្រុមការងារចែកជូនតែប្រជាពលរដ្ឋក្រីក្របំផុតនៅក្នុងឃុំ តែប៉ុណ្ណោះ៕