(ភ្នំពេញ)៖ ដើម្បីជំរុញការផ្សព្វផ្សាយអំពីវិធានការ និងការធ្វើអនាម័យក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគ COVID-19 ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក៏ដូចជាមន្ត្រីរាជការ សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានឧបត្ថម្ភម៉ាស់ចំនួន៥ពាន់ម៉ាស និងអាកុលចំនួន៥០០ដប ដល់រដ្ឋបាលរាជធានីភ្នំពេញ ។
តាមរយៈលោក សំ សេរីរ័ត្ន ដែលបាននាំយកម៉ាស និងទឹកអាកុល របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណដល់លោក លោកស្រី ប្រធាន-អនុប្រធានក្រុមការងារចុះតាមបណ្តាខណ្ឌ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលតែងតែធ្វើសកម្មភាព តាមបណ្តាខណ្ឌមូលដ្ឋានរៀងៗខ្លួន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាលភាពរបស់ពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំណូមពរឲ្យបន្តធ្វើសកម្មភាពនេះបន្តទៀត និងសូមបងប្អូនជនរួមជាតិ បន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យ ប្រសិនបើមានការសង្ស័យណាមួយ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយ ជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អៗ គ្រប់ៗគ្នា។ កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរី និងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគ COVID-19 ។