អភិបាលខណ្ឌដូនពេញ ប្រកាសថា ទីតាំងហ្គេមនឹងរលាយអស់ ចាប់ពីថ្ងៃទី១៧ ខែមករា, បើប្រជាពលរដ្ឋឃើញនៅទីណា សួមជួយរាយការណ៍
06-01-2016 17:00
(ភ្នំពេញ)៖ ទីតាំងហ្គេមទាំងអស់ ស្ថិតនៅទឹកដីខណ្ឌដូនពេញ ដែលកន្លងមកមានសុពលភាពនោះ នឹងត្រូវរលាយអស់ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦តទៅហើយ, នេះជាការប្រកាសរបស់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ថ្លែងទៅកាន់មន្រ្តី និងកងកម្លាំងរបស់ខ្លួន នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពនាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ។
លោក គួច ចំរើន បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៦ថា ហ្គេមត្រូវតែអស់នៅក្នុងខណ្ឌដូនពេញ បើឃើញមាននៅកន្លែងណា ត្រូវរាយការណ៍ជូនខ្ញុំ ខ្ញុំនឹងចាត់ការជាបន្ទាន់»។ ជាមួយគ្នានេះ អភិបាលខណ្ឌ ក៏បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងមូលថា បើសិនក្រោយថ្ងៃទី១៧ ខែមករាឆ្នាំ២០១៦ហើយ ឃើញមានទីតាំងហ្គេមស្ថិតនៅកន្លែងណានោះ ត្រូវរាយការណ៍ជូនលោកដើម្បីចាត់ការជាបន្ទាន់ មិនឲ្យមានវត្តមាននោះឡើយ។
ក្រៅពីបញ្ហានេះ លោកអភិបាលខណ្ឌ ក៏ផ្តោតការងារចាំបាច់ លើអំពើឆក់ជនបរទេស និងការកំណត់មុខសញ្ញាចោរឆក់ ម៉ូតូអត់ស្លាកលេខ មុខសញ្ញាផ្សេងៗ ដែលបានធ្វើសកម្មភាព និងចង់ធ្វើសកម្មភាពតាមមូលដ្ឋាន ហើយចំពោះបញ្ហានេះ លោកផ្តោតសំខាន់ លើករណីគ្រឿងញៀន និងល្បែងស៊ីសង ដែលជាបញ្ហានាំឲ្យមានបទល្មើស៕