(កណ្ដាល)៖ លោកបណ្ឌិត ដួង ហេង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលោក នួន ណារិន្ទ ជាអនុប្រធានទី១ បានដឹកនាំក្រុមការងារ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រភេទ «ក១,ក២» ចំនួន១៧៧ នៅក្នុងឃុំដើមឬស ព្រមទាំងអប់រំផ្សព្វផ្សាយជុំវិញករណីវីរុស COVID-19 នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ដួង ហេង និងលោក នួន ណារិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រពលរដ្ឋទាំងអស់ មិនថាតែនៅឃុំដើឬស នោះទេ ពោលគឺនៅគ្រប់ស្រុកទាំងអស់នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសូមមានសុខភាពល្អ រកទទួលទានមានបានគ្រប់ៗគ្នា។
លោកបណ្ឌិត ដួង ហេង និងលោក នួន ណារិន្ទ បានលើកឡើងថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏មានការរីកចម្រើនខ្លាំង មានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ ដែលអាចទ្រគ្រប់ស្ថានការណ៍ នៃបញ្ហាជំងឺទាំងអស់មិនថា COVID-19 ឡើយ ពោលគឺជំងឺធ្ងន់ជាងនេះ ក៏ពេទ្យស្រុកខ្មែរអាចមើលជាសះស្បើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ កុំមានការព្រួយបារម្ភណ៍ឡើយ អ្វីដែលសំខាន់ គឺខ្លួនយើងផ្ទាល់ត្រូវការពារខ្លួន អនាម័យជាប្រចាំ ពិសេសបើមានករណីសង្ស័យណាមួយ ឬមិនស្រួលខ្លួន សូមប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែកនៅជិតផ្ទះបំផុត ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
លោកបណ្ឌិត ដួង ហេង និងលោក នួន ណារិន្ទ ក៏បានផ្ដាំផ្ញើរអាជ្ញាធរឃុំទាំងអស់ ត្រូវមានការបំផុសបំផុល ដល់ប្រជាពលរដ្ឋទាំងអស់ មិនថាបងប្អូនខ្មែរ ឬខ្មែរឥស្លាមទេ ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នា ពីមាត់មួយទៅមាត់មួយឱ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេស «កុំមានការរើសអើងលើសាសនិកឥស្លាម និងកុំរើសអើងអ្នកផ្ទុកវីរុស COVID-19 គ្រប់ជាតិសាសន៍» ខណៈជំងឺនេះ មានតិចតួចណាស់ នៅកម្ពុជា ហើយរដ្ឋាភិបាល បានគិតគូរនិងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការព្យាបាលឱ្យជាសះស្បើយ ខណៈមនុស្ស ចំនួន៥៣នាក់ហើយ ត្រូវបានគ្រូពេទ្យខ្មែរយើងព្យាបាលជាសះស្បើយ១០០%។
លោកបណ្ឌិត ដួង ហេង និងលោក នួន ណារិន្ទ បានបន្ថែមទៀតថា ដូច្នេះសូមពលរដ្ឋយើងទាំងអស់ កុំមានការតក់ស្លត់ កុំភ័យជ្រុលខ្លាំងពេក កុំជឿព័ត៌មានក្លែងក្លាយ កុំជឿការញុះញង់តាម Chat Messenger ឬតាមរយៈប្រព័ន្ធផ្សេងៗ ដែលជាព័ត៌មានមិនពិត ព័ត៌មានទុច្ចរិត ព័ត៌មានបំផិតបំភ័យអសិលធម៌ ក្នុងចេតនាអាក្រក់ ដែលនាំឱ្យមានប្រជាពលរដ្ឋមានការភិតភ័យ។
លោកបណ្ឌិត ដួង ហេង និងលោក នួន ណារិន្ទ បានឱ្យដឹងដូចគ្នាថា ខណៈដែលជំងឺកូវីត១៩ កំពុងកើតមានតិចតួច នៅកម្ពុជា សូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភណ៍ច្រើនជ្រុល កុំភ័យខ្លាច កុំស្លន់ស្លោរ ប៉ុន្តែត្រូវនាំគ្នាឧស្សាហ៍អនាម័យខ្លួនប្រាណ អនាម័យបរិស្ថាន មានការពាក់ម៉ាស លាងសំអាតទឹកអាល់កុល ជាញឹកញាប់ពិសេសបើសង្ស័យថាមានអាការៈមិនស្រួលណាមួយ ត្រូវប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត៕