(កណ្ដាល)៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ត្រូវខិតខំចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំង នៃការឆ្លងរីករាល ដាលនៃ ជំងឺកូវីដ-១៩នេះ ឲ្យបានផុលផុស ដើម្បីឈានទៅរកភាពជោគជ័យក្នុងការបង្ក្រាប និងទប់ស្កាត់បានទាំងស្រុងនៃការឆ្លង រីករាលដាលនៃជំងឺដ៏កាចសាហាវ ឲ្យបានឆាប់រហ័សជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។
សម្តេចព្រះឧត្តមមុនី មានសង្ឃដិការដូច្នេះ នៅពេលដែលសម្តេច បាននិមន្តចុះសាកសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋក្រីក្រ ក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពី លោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកណ្តាល លោក កន សុខកាយ អភិបាលស្រុកល្វាឯម លោក សែម សោដ្ឋី ប្រធានក្រុមប្រឹក្សាស្រុក ព្រះសុធម្មមុនី ភោគ រស់ ព្រះនុគណស្រុកល្វាឯម ព្រះមន្ត្រីសង្ឃ អជ្ញាធរភូមិ ឃុំ និងការិយាល័យនានា។
ក្នុងឱកាសនោះ សម្តេចព្រះឧត្តមមុនី បានពន្យល់ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យ ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាង សម្អាតដៃជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃ ដែលមានជាតិអាល់កុលនៅពេលចេញក្រៅ ក្នុងទីប្រជុំជនត្រូវពាក់ម៉ាស់ជានិច្ច ត្រូវជៀសវាងកុំប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ ជាពិសេស ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិន បើមានអាការៈគួឲ្យសង្ស័យ ដូចជាក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថា ពិបាកដកដង្ហើម។
សម្តេចព្រះឧត្តមមុនី មានសង្ឃដិការបន្តថា ប្រសិនបើ ករណីមានប្រជាពលរដ្ឋណា ដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩ មុននឹងអនុញ្ញាតឲ្យពួកគាត់ រស់នៅជុំគ្នាជាមួយគ្រួសារ។
ក្នុងឱកាសនោះដែរ សម្តេចព្រះមេគណខេត្តកណ្តាល បានបញ្ជាក់ថា ការនាំយកអំណោយមកចែកជូនបងប្អូននៅពេលនេះ ដើម្បីជួយរំលែកទុក្ខ លំបាករបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន បានធូស្រាលមួយកំរិត និងស្របតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល និងសារាចរណែនាំ របស់គណៈសង្ឃនាយក ឲ្យដឹកនាំចលនាមនុស្សធម៌ចុះពិនិត្យ និងសួរសុខទុក្ខ ដើម្បីជួយចែករំលែកថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគចាំបាច់នានា ដល់វត្តអារាម និងប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងខ្វះខាតក្នុងរាជធានី-ខេត្ត របស់ខ្លួន។
សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋ សរុបមាន៤០គ្រួសារ ក្នុងភូមិវាលធំ ដោយក្នុងមួយគ្រួសារ ទទួលបាន មីម៉ាម៉ា១កេះ ទឹកដោះគោខាប់២កំប៉ុង ស្កសរ២គីឡូក្រាម តែ២កញ្ចប់ សាប៊ូម្សៅ១កញ្ចប់ សាប៊ូ Protex១ដុំ ក្រម៉ា១ និងថវិកា៥០,០០០រៀល៕