(ភ្នំពេញ)៖ លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ច្រាំងចំរេះ១ និងលោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញអប់រំផ្សព្វផ្សាយពីវីធីការពារ វិធីទប់ស្កាត់ជំងឺកូវីដ១៩ ព្រមទាំងចែកម៉ាស់ជូនប្រជាពលរដ្ឋ និងបិទខិតប័ណ្ណផ្សព្វផ្សាយផ្សេងៗ នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កម្មវិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី និងអស់លោកជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចៅសង្កាត់ និងប្រធានភូមិ ក្រុមការងារចុះជួយសង្កាត់ និងយុវជន ព្រមទាំងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំង COVID-19 មួយចំនួនផងដែរ។
លោកស្រី ម៉ាណ ណាវី បានថ្លែងផ្តាំផ្ញើប្រជាពលរដ្ឋ ឲ្យប្រកាន់ឃ្ជាប់នូវការរស់នៅស្អាត មានអនាម័យខ្ពស់ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមនីតិវិធីណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល។
លោកស្រីបន្តថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា គ្រប់គ្នាគឺមានកាតព្វកិច្ចក្នុងការចូលរួមសកម្មភាពទប់ស្កាត់នេះ គ្រប់កាលៈទេសៈ ក្នុងនោះមិនត្រូវតក់ស្លត់នឹងជំងឺនេះទេ គឺត្រូវមានស្មារតីរឹងប៉ឹង ហូបចុករស់នៅស្អាត សម្រាកគ្រប់គ្រាន់ និងចៀសវាងការប្រមូលផ្តុំគ្រប់រូបភាពទាំងអស់។
លោក សាន់ សាប់អី ក៏បានផ្តល់ជាដំណឹងល្អ ដល់ប្រជាពលរដ្ឋ ដែលក្រសួងសុខាភិបាលបានប្រកាសថា សម្រាប់ថ្ងៃនេះទៀត គឺមិនមានករណីឆ្លងវីរុសកូវីដ១៩ ថ្មីទេ ហើយកាន់តែពិសេស សរុបអ្នកដែលបានជាសះស្បើយ គឺកើនដល់៥៣នាក់ហើយ ខណៈសរុបអ្នកដែលមានវិជ្ជមាន គិតមកដល់ថ្ងៃនេះមានចំនួន១១៤នាក់៕