(កំពង់ស្ពឺ)៖ ក្រោយពីមានការអំពាវនាវរបស់រដ្ឋបាលកំពង់ស្ពឺឲ្យបងប្អូនមន្ត្រីរាជការ ក្រុមហ៊ុន អាជីវករ ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ គេសង្កេតឃើញ មានបងប្អូនជាមន្ត្រីរាជការ ក៏ដូចជាបងប្អូនក្រុមអាជីវករ ក្រុមហ៊ុននានា បានបរិច្ចាគទ្រព្យធនធានផ្ទាល់ខ្លួនមកឲ្យរដ្ឋបាលខេត្ត ដែលបានបង្ហាញពីស្មារតី សាមគ្គីភាព និងការចូលរួមទប់ស្កាត់ក្នុងការងារប្រយុទ្ធ ប្រឆាំងជាមួយនិងមេរោគCOVID-19 ក៏ដូចជាការចូលរួមជ្រោងជ្រែងលើកទឹកចិត្តដល់ក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យ ដែលក្រុមដឹកនាំជូរមុខដើម្បីការពារអាយុជីវិតជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានទទួលឧបត្ថម្ភពីសប្បុរសជន នៅផ្សាកំពង់ស្ពឺ មានទឹកអាល់កុលចំនួន៣០០ លីត្រ និងអង្ករចំនួន២តោន ពីលោកស្រី សួន ប៊ុនសៀង ម្ចាស់ហាងលក់គោយន្ត ម៉ាស៊ីន និងគ្រឿងបន្លាស់(ផ្សារកំពង់ស្ពឺ) ដែលចូលរួម សម្រាប់ចូលរួមក្នុងប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យខ្លាចយ៉ាងខ្លាំងដល់សុខភាពជាសកល ជាពិសេសសម្រាប់ការពារពីរោគរាតត្បាតរបស់ប្រជាជនខេត្តកំពង់ស្ពឺទាំងអស់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង បង្ការមេរោគកូវីដ-១៩ ខេត្ត បានលើកសសើរនៅកាយវិកាមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយ រដ្ឋបាលខេត្ត និងជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅមនុស្សធម៍ និងរួមចំណែកដ៏សំខាន់ជាអាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីប្រជាជន ដើម្បីសុខភាព និងដើម្បីសុខសន្តិភាព សម្រាប់ប្រជាជាតិយើង៕