(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគថវិកាចំនួន៤០លានរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោក វេង សាខុន ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម បានបញ្ជាក់លិខិតយ៉ាងដូច្នេះថា «ខ្ញុំបាទ ក្នុងនាមគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអនុញ្ញាតគោរពជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រីមេត្ដាជ្រាបថា គណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលកម្ពុជាចំនួន៤០,០០០,០០០រៀល ជូនដល់គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
សូមជម្រាបថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ ធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕