(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធបានសម្រេចបញ្ឈប់ការស្នើឱ្យមានការលើកលែងទោសដល់ទណ្ឌិត ដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធំៗមួយចំនួន ដូចជាករណីប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀនតទៅទៀតហើយ។
ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពង្រឹងគោលការណ៍ បន្ធូបន្ថយទោស និងការលើកលែងទោសទណ្ឌិត រវាងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ជាមួយនឹងប្រធានពន្ធនាគារ ព្រះរាជអាជ្ញា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត នៅក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ ។
លោក ជិន ម៉ាលីន បានលើកឡើងថា «យើងនឹងពិចារណាគឺថាមិនលើកលែងទោសសម្រាប់បទល្មើសឧក្រិដធំៗ ជាបទល្មើសដែលមិនរៀងចាលដូចជាបទល្មើសប្លន់ធំៗ ដូចជាបទល្មើសឧក្រិដ្ឋកម្មគ្រឿងញៀនធំៗជាដើមគឺយើងនឹងមិនធ្វើការលើកលែងទោសចំពោះបទល្មើសទាំងអស់នេះទេ ក៏ប៉ុន្តែបើសិនជាមានការកែប្រែខ្លួនមែន គឺយើងអាចធ្វើការពិចារណាធ្វើការបន្ធូបន្ថយទោស»។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ បានគាំទ្រទៅនឹងចំណាត់ការរបស់ក្រសួងយុត្តិធម៌នាពេលនេះ ប៉ុន្តែលោកជំរុញឱ្យភាគីពាក់ព័ន្ធមានគណៈកម្មការឱ្យម៉ឺងម៉ាត់មួយ ដើម្បីត្រួតពិនិត្យវាយតម្លៃទណ្ឌិតដោយធានាថា ការលើកលែងទោសត្រូវតែធ្វើឡើងចំគោលដៅ ហើយគ្មានអំពើពុករលួយ។
លោកថា «កន្លងមក យើងបានមើលឃើញថា ការបន្ធូបន្ថយ និងការលើកលែងទោសដល់ទណ្ឌិត ហាក់មានភាពមិនប្រក្រតី អ្នកប្រព្រឹត្តបទឧក្រិដ្ឋធំៗ ដូចជាចោរប្លន់ ឬបទឧក្រិដ្ឋធំៗផ្សេងទៀត សុទ្ធតែមានលុយមានកាក់ អញ្ចឹងងាយស្រួលណាស់នៅក្នុងការបន្ធូបន្ថយលើកលែងទោសនោះ នេះជាបញ្ហាដែលកន្លងមកយើងមិនបានគិតគូរដល់ អញ្ចឹងវាជាការល្អដែលក្រសួងយុត្តិធម៌ បង្កើតគណៈកម្មការដើម្បីពិនិត្យទៅលើការបន្ធូបន្ថយ និងលើកលែងទោសនេះ ព្រោះយើងចង់បន្ធូបន្ថយ និងលើកលែងនេះឱ្យត្រូវមនុស្ស ឱ្យត្រូវតាមលក្ខខណ្ឌ ដែលអ្នកដែលត្រូវទទួលបានការលើកលែងនេះ នឹងក្លាយជាពលរដ្ឋល្អ ដូចពលរដ្ឋដទៃទៀត»។
កាលពីខែមុន នៅក្នុងពិធីផ្សព្វផ្សាយពីការបញ្ជ្រៀបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកោះពេជ្រ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចទូទាំងប្រទេស បង្កើនការវាយបង្រ្កាប ក្រុមចោរប្លន់ប្រដាប់អាវុធបន្ថែមទៀត បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធ ចំនួន៣លើកក្នុងថ្ងៃតែមួយ នៅខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
សម្តេចក៏បានក្រើនរំលឹកដល់ ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ កុំឱ្យដាក់សំណើរសុំការ លើកលែងទោសដល់ ទណ្ឌិតក្នុងបទល្មើសប្លន់ប្រដាប់អាវុធ បន្ទាប់ពីទទួលបានរបាយការណ៍ថា អតីតទណ្ឌិតដែលធ្លាប់ជាប់ពន្ធនាគារមួយចំនួន បានប្រព្រឹត្តអំពើប្លន់ឡើងវិញ បន្ទាប់ពួកគេចេញពីពន្ធនាគារ នាថ្មីៗនេះ៕