(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញនូវវីដេអូអប់រំខ្លីមួយ ដោយពន្យល់ពីរបៀបការដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកនៅផ្ទះ រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ ទៅសមាជិកគ្រួសារ និងអ្នកដទៃ។
ក្នុងវីដេអូនេះ ក្រសួងពន្យល់ដល់បងប្អូនដែលទើបត្រឡប់មកពីប្រទេសផ្សេង ឬធ្លាប់ប៉ះពាល់ជាមួយអ្នកមានជំងឺកូវីដ១៩ សូមកុំទាន់ប៉ះពាល់ជាមួយសមាជិកគ្រួសារ ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន ដោយបន្តតាមដានសុខភាពរបស់ខ្លួនជាប្រចាំ សម្អាតកន្លែងស្នាក់នៅឲ្យបានស្អាតល្អ, សូមឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។
ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ឬរាគ សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់៕