(ភ្នំពេញ)៖ របាយការណ៍ ដែលផ្តល់ដោយ នាយកដ្ឋានអភិវឌ្ឍទេសចរណ៍អង្គរ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានចំណូលជាង ៦០ដុល្លារ ពីការលក់សំបុត្រដល់ភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។

របាយការណ៍នេះបានបញ្ជាក់ថា នៅពេញឆ្នាំ២០១៥ មានភ្ញៀវទេសចរប្រមាណ ២.១០០.០១៨នាក់ បានចូលទៅទស្សនារមណីយដ្ឋានអង្គ ដែលមានការកើនឡើងប្រមាណ ១,៩៦ភាគរយ ហើយទទួលបានចំណូល ៦០.០៥៣.៧០០ ដែលកើនឡើង១,២០ភាគរយ។

ដោយឡែកចំណូលដែលបានពីការលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋាន អង្គរប្រចាំខែធ្នូ មានចំនួន ៦,៤៩៧,២២០ដុល្លារ បើប្រៀបធៀបនឹងចំណូលកាលពីឆ្នាំ២០១៤មានការកើនឡើង ១.៥៨ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ស្តីពីស្ថិតិភ្ញៀវទេសចរណ៍នៅរមណីយដ្ឋានអង្គរ ប្រចាំខែធ្នូ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចយកការគ្រប់គ្រង លក់សំបុត្រចូលទស្សនាតំបន់អង្គរពីក្រុមហ៊ុន សុខ គង់ ឱ្យមកឋិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ចាប់ពីឆ្នាំ២០១៦នេះ៕