(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ថវិកាចំនួន ១០លានរៀល ព្រមទាំងផ្ទាំងអប់រំផ្សព្វផ្សាយជំងឺកូវីដ១៩ជាច្រើនផ្ទាំង ប្រគល់ជូនដល់រដ្ឋបាលស្រុកអូររាំងឪ។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងថវិកាដែលលោកនាំយកមកផ្តល់ជូននេះ គឺដើម្បីត្រៀមបម្រុងទុកសម្រាប់ឧបត្ថម្ភជូនវត្តអារាម អាស្រម និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានស្រុក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងប្រភេទថ្មីកូវីដ-១៩ (COVID-19) និងជំងឺឆ្លងផ្សេងៗក្នុងមូលដ្ឋានស្រុកអូររាំងឪ។
ចំពោះសម្ភារយកមកផ្តល់ជូនរួមមាន៖ អង្ករ ៣តោន មី ៦៥កេស ត្រីខ ៦៥ឡូតិ៍ ទឹកស៊ីអ៉ីវ ៥០យួរ អំបិល ៥០គីឡូក្រាម ទឹកត្រី ៥០យួរ និងស្ករស ៥០គីឡូក្រាម ថវិកាចំនួន ១០លានរៀល និងផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយពីការរលាកផ្លូវដង្ហើមថ្មី (កូវីដ-19) មួយដុំ។
ថវិកាទាំងនេះចូលរួមដោយលោក អ៊ាង សុផល្លែត ៦លាន៣សែនរៀល លោក សូខន ឬទ្ធីគុណ ៤០ម៉ឺនរៀល លោក ទិន ពន្លក ៤០ម៉ឺនរៀល លោក ជួប ប៉ារីស៍ ៤០ម៉ឺនរៀល លោក ភាវ សុវុទ្ធី ១លានរៀល លោកស្រី ងិន លីណា ៤០ម៉ឺនរៀល លោកស្រី វ៉ាន់ មុនីនាថ ៣០ម៉ឺនរៀល លោកស្រី សុម៉ាលី ២០ម៉ឺនរៀល នាយកដ្ឋានប្រែប្រួលអាកាសធាតុ ២០ម៉ឺនរៀល នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថវិកា ២០ម៉ឺនរៀល លោក សួន កុសល ម៉ឺន២០រៀល និងនាយកដ្ឋានសេដ្ឋកិច្ចបៃតង ១០ម៉ឺនរៀល។
បន្ទាប់មក លោក អ៊ាង សុផល្លែត និងក្រុមការងារបានបន្តចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមណ្ឌលសុខភាពថ្នល់កែង ឃុំគងជ័យ និងមណ្ឌលសុខភាព ឃុំទួលសូភី ព្រមទាំងបាននាំយកសម្ភារ និងថវិកាឧបត្ថម្ភជូនមណ្ឌលក្នុងមួយកន្លែង ទទួលបានម៉ាស់ចំនួន ១០០ និងថវិកា ៤០ម៉ឺនរៀល។
ក្នុងការចូលរួមជាមួយមូលនិធិស្រុក សម្រាប់ប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ លោក ចាយ បូរិន សមាជិកសភា និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានឧបត្ថម្ភអង្ករ ១តោន លោក រ័ត្ន វីរៈ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ២០ម៉ឺនរៀល លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្តត្បូងឃ្មុំអង្ករ ១តោន និងថវិកា ១លានរៀល លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ៤០ម៉ឺនរៀល និងលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថវិកាចំនួន ២០ម៉ឺនរៀលទៀតផងដែរ៕