(កំពង់ស្ពឺ)៖ ក្រោយពីមានការអំពាវនាវរបស់រដ្ឋបាលកំពង់ស្ពឺ ដែលឲ្យមន្ត្រីរាជការ ក្រុមហ៊ុន អាជីវករ ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ គេសង្កេតឃើញមានមន្ត្រីរាជការ ក៏ដូចជាអាជីវករ ក្រុមហ៊ុននានា បានបរិច្ចាគនៅទ្រព្យធនធានផ្ទាល់ខ្លួនមកឲ្យរដ្ឋបាលខេត្ត ដែលបានបង្ហាញពីស្មារតី សាមគ្គីភាព និងការចូលរួមទប់ស្កាត់ក្នុងការងារប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ COVID-19 ក៏ដូចជាការចូលរួមជ្រោងជ្រែងលើកទឹកចិត្តដល់ក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យដែលក្រុមដឹកនាំជួរមុខ ដើម្បីការពារអាយុជីវិតជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានទទួលឧបត្ថម្ភពីសប្បុរសជននៅផ្សាកំពង់ស្ពឺ មានទឹកអាល់កុលចំនួន ៣០០លីត្រ និងអង្ករចំនួន ២តោន ពីលោកស្រី សួន ប៊ុនសៀង ម្ចាស់ហាងលក់គោយន្ត ម៉ាស៊ីន និងគ្រឿងបន្លាស់ (ផ្សារកំពង់ស្ពឺ) ដែលចូលរួមសម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩។
លោក វ៉ី សំណាង បានលើកសសើរនៅកាយវិការមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅមនុស្សធម៌ និងរួមចំណែកដ៏សំខាន់ជាអាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីប្រជាជន ដើម្បីសុខភាព និងដើម្បីសុខសន្តិភាពសម្រាប់ប្រជាជាតិ៕