(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះតាមរយៈ Facebook ផ្លូវការ សម្តេចបានបញ្ជាក់ថា «ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយ ជូនប្រជាពលរដ្ឋយើងបាន មិនឲ្យធ្លាក់ទៅក្នុងការភ័យខ្លាច បាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ»។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្តេចប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដាក់ចេញនូវវិធានការនានា សំដៅដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ រួមទាំងការធានានូវសន្តិសុខស្បៀងផងដែរ។
ដើម្បីធានាដល់ការផ្គត់ផ្គងស្បៀងក្នុងស្រុក កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនឲ្យនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាតឲ្យនាំចេញ តែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ប៉ុន្តែកាលពីម្សិលមិញថ្ងៃទី ៤ មេសា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាឲ្យផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត។
ក្រៅតែពីផ្អាកការនាំចេញត្រីហើយនោះ សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាឲ្យអាជ្ញាធរគ្រប់គ្រង នៅតាមទីផ្សារមិនឲ្យមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនឲ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេស ឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋក្នុងប្រទេស ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេស ផលិតមីជូនរាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ដែលអត់ស្បៀងអាហារ។ ស្របជាមួយគ្នានេះដែរ សម្តេចតេជោ បានត្រៀមរៀបចំឲ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ ដោះស្រាយជូនប្រជាពលរដ្ឋ៕