(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តាមរយៈ Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនឲ្យគ្រូពេទ្យកម្ពុជាណាម្នាក់ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ឆ្លងមេរោគ ព្រោះតែខ្វះខាតការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ សម្តេចក្នុងនាមប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានបង្ហាញនូវផែនការយុទ្ធសាស្រ្តថ្មីបន្ថែម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដែលក្នុងនោះបានបញ្ជាឲ្យបន្ថែមនូវស្តុក ម៉ាសចំនួន១០លានម៉ាស, ខោអាវគ្រូពេទ្យចំនួន៥ពាន់កំប្ល៉េ, ម៉ាសគ្រូពេទ្យ៥០ម៉ឺន, ម៉ាសប្រភេទ N-95 ចំនួន៥ពាន់, និងទឹកអាល់កុលចំនួន១លានលីត្រ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «នេះជាការចាំបាច់ ព្រោះយើងមិនអាចអោយគ្រូពេទ្យណាម្នាក់ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវរបស់យើងនោះទេ។ ឥឡូវនេះខ្ញុំសូមចេញនូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុកបម្រុងរបស់រាជរដ្ឋាភិបាលមួយកម្រិតថែមទៀត»

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ទាំងម៉ាស, ទាំងខោអាវសម្រាប់គ្រូពេទ្យ និងទឹកអាល់កុលនៅពេលប្រើអស់ គឺត្រូវទិញ ឬផលិតយកមកបំពេញបន្ថែមក្នុងស្តុកភ្លាម។ ស្តុករបស់រាជរដ្ឋាភិបាល គឺរក្សានៅក្រសួងសុខាភិបាល ប៉ុន្តែនៅពេលដកយកទៅប្រើប្រាស់ គឺត្រូវដាក់សំណើទៅកាន់ប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភបំប៉ន ដល់ក្រុមគ្រូពេទ្យនៅជួរមុខ ដែលកំពុងបំពេញបេសកកម្ម ពិនិត្យព្យាបាលជំងឺឆ្លងកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនរដ្ឋមន្រ្តីទាំងពីររូប «ត្រូវរៀបចំធ្វើឲ្យបានឆាប់ ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះមិនមាន ឱកាសបាននៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំឲ្យបងប្អូនកូនក្មួយ ក្រុមគ្រូពេទ្យទាំងនេះ មានការពិបាកខ្វល់ចិត្ត ក្នុងការគិតគូរទៅដល់ក្រុមគ្រួសារនៅឯផ្ទះ ហើយកាន់តែមានភាពហ្នឹងហ្នរចិត្ត និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋយើង»

សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត មកលើវិធានការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលក្នុងនោះសម្តេចបញ្ជាក់ថា កម្ពុជាជាប្រទេសក្រមែន តែមិនក្រខាងចិត្តគំនិតនោះទេ យើងចេះគ្រប់គ្រងប្រជាពលរដ្ឋយើង ដែលមកដល់ម៉ោងនេះ មិនមានអ្នកជំងឺណាម្នាក់ទទួលមរណភាពទេ។

សម្តេចក៏បានអរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ៕