(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា បើទោះបីប្រទេសកម្ពុជា រយៈពេល២ថ្ងៃមកនេះ មិនមានរកឃើញករណីចម្លងជំងឺកូវីដ១៩ថ្មីក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋ ក្រសួងស្ថាប័នអាជ្ញាធរជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មិនត្រូវបន្ធូរដៃនោះឡើយ ពោលគឺត្រូវបន្តរួមគ្នាប្រុងប្រយ័ត្នជានិច្ច និងត្រូវកាត់ផ្តាច់កុំមានការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ និងពីបុគ្គលទៅសហគមន៍។
លោកស្រីក៏បានលើកឡើងទៀតថា ការដែលមិនមានការរកឃើញករណីថ្មី ក្នុងរយៈពេល២ថ្ងៃនេះ គឺជាចំណុចល្អសម្រាប់កម្ពុជា ក៏ប៉ុន្ដែកម្ពុជានៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសការចូលរួមទប់ស្កាត់ ពីការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ នៅតែជាចំណុចសំខាន់ចាំបាច់បំផុត ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃ ដោយកុំគិតថា រកមិនឃើញក្នុងរយៈពេល២ថ្ងៃនេះហើយ នៅកម្ពុជាលែងមានការចម្លង នាំឲ្យមានការបន្ធូរដៃ ដែលការធ្វើបែរនេះ នឹងក្លាយទៅជាឱកាសមួយធ្វើឲ្យវីរុសកូវីដ១៩ អាចនឹងវាយបកមកវិញជាយថាហេតុ។
លោកស្រីបានថ្លែងថា «ខ្ញុំឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ និងគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងគ្រប់ផ្នែកពាក់ព័ន្ធសូមឲ្យចូលរួម ជាបន្តទៀតនៅក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត ហើយជាពិសេសយើងត្រូវតែកាត់ផ្តាច់ ការចម្លងវីរុសកូវីដ១៩នេះ ពីបុគ្គលចូលទៅក្នុងសហគមន៍របស់យើង នេះជាចំណុចសំខាន់ណាស់»។
អ្នកនាំពាក្យដដែលរូបនេះបានបញ្ជាក់ថា ទោះបី២ថ្ងៃកន្លងមកនេះមិនមានករណីថ្មីក្តី តែលោកស្រីមិនទាន់អាចវាយតម្លៃថា ការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានស្ថានភាពចប់នោះទេ ពោលគឺគ្រាន់តែបង្ហាញថា ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិធានការដែលបានដាក់ចេញ និងការចូលរួមអនុវត្តពីគ្រប់ស្ថាប័ន គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹង និងចូលរួមយ៉ាងសស្រាក់សស្រាំ នូវការទប់ស្កាត់ការចម្លងពីបុគ្គលមួយទៅបុគ្គល ដែលជាចំណុចល្អណាស់ សម្រាប់ប្រទេសកម្ពុជា។
លោកស្រីបន្ថែមទៀតថា «លទ្ធផលនេះក៏បង្ហាញឲ្យឃើញថា ការងារគ្រប់គ្រង និងទប់ស្កាត់ក្នុងការដាក់ចេញនូវវិធានការ ដ៏មានប្រសិទ្ធពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសិទ្ធភាពជាបណ្ដើរៗ ហើយការដែលយើងគ្រប់គ្រងការចម្លងនេះក៏បញ្ជាក់ថា កម្ពុជាធ្វើបានជាបណ្ដើរៗហើយ ក៏ប៉ុន្ដែការប្រុងប្រយ័ត្នរបស់យើង គឺនៅមានជាប់ជានិច្ច ពីព្រោះមិនអាចធ្វើនៅរយៈពេលខ្លី ហើយយើងបន្ធូរដៃនោះទេ»។
ជាមួយគ្នានេះ លោកស្រី វណ្ណឌីន ក៏សូមសំដែងនូវអំណរអរគុណជូនដល់ក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីរាជការបុគ្គលិកសុខាភិបាលទាំងអស់ ព្រមទាំងអាជ្ញាធរដែនដី ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងដៃគូសហប្រតិបត្តិទាំងអស់ ដែលបានខិតខំជួយអន្តរាគមន៍នានា ពិសេសក៏ថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានផ្តល់នូវសណ្តានចិត្ត បរិច្ចាគសម្ភារ ថវិកា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជា។
សូជម្រាបថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយ ដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥០នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។ មកដល់ពេលនេះ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ ចុះមកត្រឹមចំនួន៦៤នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕