(ត្បូងឃ្មុំ)៖ លោក សន សារ៉ាណា តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បាននាំយកមាស៊ីនវាស់កំដៅ ស្រោមដៃការពារ អាកុលលាងដៃសំលាប់មេរោគ ម៉ាសជាង២០០០ ជែលលាងដៃ ផ្តល់ជូនដល់ក្រុមការងារបង្គោលជួរមុខតាមភូមិទាំង១៤ ទូទាំងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ការចុះចែកនាពេលនេះ បានធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការយកចិត្តទុកដាក់ពីសំណាក់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោក សន សារ៉ាណា តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងក្រុមការងារបាននាំយកអំណោយជាសម្ភារ ស្បៀងចាំបាច់ ដើម្បីត្រៀមទុកបង្ការហានិភ័យនានា ដែលកើតឡើងដោយសារការរីករាលដាលនៃជំងឺកូវិដ១៩ បណ្តាលឱ្យប៉ះពាល់ដល់ការងារចិញ្ចឹមជីវិត និងជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន របស់បងប្អូនប្រជាពលរដ្ឋ ពិសេសគ្រួសារក្រីក្រទូទាំងឃុំត្រពាំងផ្លុង។
តំណាងរាស្រ្តរូបនេះ បានធ្វើការណែនាំដល់ក្រុមការងារជួរមុខទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយផលប៉ះពាល់ និងហានិភ័យនានា ដែលកើតចេញពីវីរុសថ្មីកូរ៉ូណា ដែលកំពុងរីករាលដាលយ៉ាងខ្លាំង នៅលើសកលលោក ក៏ដូចប្រទេសមួយចំនួននៅតំបន់អឺរ៉ុប អាមេរិក និងបណ្តលឱ្យបាត់បង់ជីវិតមនុស្សជាច្រើនពាន់នាក់នាពេលបច្ចុប្បន្ន។ ស្ថានភាពបែបនេះ យើងទាំងអស់គ្នា ត្រូវប្រុងប្រៀបខ្ពស់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈការថែរក្សាសុខភាពឱ្យបានរឹងមាំ ធ្វើអនាម័យខ្លួនប្រាណ និងវិធាការសុវត្ថិភាពខ្លួនឯង មនុស្សជុំវិញខ្លួន សហគមន៍ជាដើម។
ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវិដ១៩ថ្មីនេះ លោករួមនឹងក្រុមការងារបាននាំយក និងបំពាក់នូវសម្ភារ សំខាន់មួយចំនួន ដូចជាម៉ាស៊ីនស្ទង់កំដៅ ម៉ាស ទឹកអាកុល ជេលលាងដៃ ស្រោមដៃ ដល់ក្រុមការងារជួរមុខ ដើម្បីចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ដើម្បីត្រៀមបង្ការទាំងអស់គ្នា ក្នុងការទប់ស្កាត់រីករាលដាលនៃ សម្រាប់បង្ការជំងឺដ៏សាហាវនេះដល់សហគមន៍ ឬក្រុមគ្រួសាររបស់បងប្អូនក្នុងភូមិនីមួយៗ។
ក្រៅពីនោះ លោកក៏បាននាំយកអំណោយរបស់រដ្ឋមន្ត្រី វង សូត មាន ក្រមា មី ទឹកស៊ីអ៊ីវ រួមនឹងថវិកាមួយចំនួយទៀត ប្រគល់ដល់ភូមិទាំង១៤ ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕