(ភ្នំពេញ)៖ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ ដោយមានការអនុញ្ញាតពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានបញ្ជាដោយផ្ទាល់ពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដោយក្នុងនោះកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដែលដឹកនាំការងារដោយលោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅ, លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ និងមានការចូលរួមលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី និងលោកវរសេនីយ៍ត្រី ម៉ៅ ស៊ីវន នាយប៉ុស្តិ៍ បានចុះបង្រ្កាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅក្នុងដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកអធិការបានឲ្យដឹងថា ចំពោះសម្ភារៈដកហូតវត្ថុតាងរួមមាន៖ រថយន្ត០៥គ្រឿង, ម៉ូតូ១៨គ្រឿង, មាន់ជល់០៣ក្បាល (រស់), កៅអីជ័រ ១០០ និងស៊ុមសម្រាប់ក្រុងមាន់៥៦។ ចំណែកអ្នកញៀនល្បែងមកលេងជល់មាន់ បានរត់គេចខ្លួន ដោយបាតជើងសព្រាតបាត់អស់គ្មានសល់ គឺនៅពេលសមត្ថកិច្ចចុះ ទៅដល់កន្លែងជល់មាន់ដាក់លុយខាងលើនោះ។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ទើបរៀបចំបើកដំណើរការ ឲ្យគេមកលេងជល់មាន់នៅព្រឹកមិញ ពោលគឺបើកភ្លាម កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅ ចុះបង្រ្កាបភ្លាមក្នុងន័យលុបបំបាត់រាល់បនល្បែងស៊ីសងខុសច្បាប់ផងដែរ ហើយរាល់សកម្មភាពរបស់កម្លាំងសមត្ថកិច្ច អាជ្ញាធរខណ្ឌច្បារអំពៅ ចុះបង្រ្កាបបនល្បែងស៊ីសងជល់មាន់ ដាក់លុយខាងលើនេះ ធ្វើឲ្យមហាជនទូទៅគាត់ មានការគាំទ្រជាខ្លាំង ខណៈកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅ ប្រើកណ្ដាប់ដៃដែក ចុះបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ៕