(កណ្ដាល)៖ លោក ទូ ទ្រេះ អ្នកភូមិបារ៉ែនក្រោម ដែលមានផ្ទុកកូវីត១៩ ត្រូវបានគ្រូពេទ្យខ្មែរព្យាបាលឱ្យជាសះស្បើយ ១០០% ហើយ និងត្រូវបានអនុញ្ញាត្តឱ្យទៅគេហដ្ឋានវិញនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការជូនដំណើរ និងជួយឧបត្ថម្ភពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងអមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត។
ស្ថិតនៅក្នុងឱកាសនេះ លោកអភិបាលខេត្តបានផ្ដាំផ្ញើរដល់លោក ទូ ទ្រេះ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល ហើយពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេជិតឯងរយៈពេល១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ចឱ្យអស់ចិត្ត ដ្បិតលោកបានជាសះស្បើយហើយក្ដី ប៉ុន្តែត្រូវតែការពារខ្លួន និងគ្រួសារមួយតង់ទៀត ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត។
លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសាររបស់លោក ទូ ទ្រេះ ផងដែរ សូមរក្សាគម្លាត និងការពារខ្លួនទាំងអស់គ្នា ហើយពិសេសផ្ដល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់គាត់ឱ្យបានគ្រប់គ្រាន់ និងផ្ដល់សម្ភារៈការពារខ្លួនដូចជា ម៉ាស់ អាល់កុល ទឹកសម្លាប់មេរោគ ឬសាប៊ូ ដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន។
ទន្ទឹមនឹងសារនេះ លោក ទូ ទ្រេះ អ្នកភូមិបារ៉ែនក្រោម ឃុំឈើទាល ស្រុកស្អាង ដែលបានជាសះស្បើយហើយនោះ បានលើកម្រាមដៃ១០ ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ដល់កូនចៅប្រជារាស្ត្រ មិនថាមានទុក្ខលំបាកយ៉ាងណាទេ ក៏ឃើញសម្ដេចទាំងទ្វេតែងតែនៅជាប់ ជួយកូនចៅប្រជារាស្ត្រជានិច្ច ហើយក៏សូមអរគុណដល់លោកអភិបាលខេត្តកណ្ដាល គង់ សោភ័ណ្ឌ ក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងក្រសួងសុខាភិបាល ដែលព្យាយាមជួយព្យាបាល និងយកចិត្តទុកដាក់ឧបត្ថម្ភជួយជ្រោមជ្រែង លើកទឹកចិត្តដល់អ្នកជំងឺព្រមទាំងក្រុមគ្រួសារឱ្យផុតពីទុក្ខលំបាក ព្រមទាំងឧបត្ថម្ភថវិការរាប់លានរៀល និងសម្ភារៈជាច្រើនផ្សេងទៀតផងដែរ។
លោក ទូ ទ្រេះ ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់សូមកុំរើសអើងគ្នា ប៉ុន្តែជំនួសមកវិញការអាណិតអាសូរ ជួយជ្រោមជ្រែងគ្នាតាមដែលអាចធ្វើទៅបាន និងសូមចូលរួមការពារខ្លួនការរីករាលដាលជំងឺនេះ កុំឱ្យកលតមានបន្តទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា៕