(ភ្នំពេញ)៖ ក្នុងសំណេរមួយដ៏វែងអន្លាយ ពលរដ្ឋខ្មែរម្នាក់ដែលកំពុងរស់នៅប្រទេសបារាំង បានបកអាក្រាតអំពីការខ្វះខាតម៉ាស ទឹកលាងដៃ នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលអ្នកជំងឺកូវីដមានចំនួនកាន់តែច្រើនឡើង។ មិនតែប៉ុណ្ណោះ ស្រ្តីរូបនោះអះអាងថា នៅអឺរ៉ុបគ្រូពេទ្យមិនបានយកចិត្តទុកដាក់ចំពោះអ្នកជំងឺទេ ហើយនៅតាមន្ទីរពេទ្យ កំពុងតែខ្វះខាតគ្រែ និងបន្ទប់សម្រាកព្យាបាលផងដែរ។
ពលរដ្ឋខ្មែរនៅបារាំងនេះ បានចូលទៅបកអាក្រាតអំពីកង្វះខាតសម្ភារៈនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅសហគមន៍អឺរ៉ុប លើវីដេអូមួយដែលបង្ហោះនៅលើ Facebook របស់ Fresh News ដែលផ្សាយអំពី ស្រ្តីអាមេរិកាំងម្នាក់ជាគិលានុបដ្ឋាយិកានៅសហរដ្ឋអាមេរិក បានយំរៀបរាប់ប្រាប់ពិភពលោកថា អាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់ ខ្វះខាតសម្ភារៈពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 សូម្បីតែម៉ាសពេទ្យក៏គ្មានពាក់ដែរ។
ជាមួយនឹងការជឿជាក់ដូចអ្វីដែលស្រ្តីអាមេរិកាំងរៀបរាប់ ស្រ្តីខ្មែរនៅប្រទេសបារាំងនេះ បានសរសេរថា៖
«ខ្ញុំនៅបារាំង រកទិញម៉ាស និងទឹកលាងដៃ សឹងពេញក្រុង ដើរសួរតាមហ្វាម៉ាស៊ីគឺគ្មានសោះ។ នៅមន្ទីរពេទ្យត្រូវការម៉ាស់ការពាររាប់លានទើបគ្រប់នោះ។ អ្នករស់នៅស្រុកខ្មែរ គឺល្អប្រសើរហើយ ដែលរដ្ឋាភិបាល កំពុងទប់ស្កាត់ និងតាមដានព្យាបាលអ្នកជំងឺកូវីដ១៩យ៉ាងដិតដល់នោះ។ ចំណែកនៅអឺរ៉ុបនេះវិញ នរណាឈឺល្មមៗ ដេកផ្ទះព្យាបាលខ្លួនឯង ទិញថ្នាំលេបខ្លួនឯង»។
«សម័យកូរ៉ូណា គឺពិតជារកគ្រូពេទ្យពិនិត្យជំងឺណាស់។ ឈឺ តេហៅឡានពេទ្យក៏គេមិនមកយកដែរបើនៅមានដង្ហើម។ ឈឺល្មមៗអាចដកដង្ហើមបាន នៅផ្ទះលេបថ្នាំជាខ្លួនឯង តែបើឈឺខ្លាំងដកដង្ហើមពិបាកមែនទែន គិតថាទប់លេងរួចតេហៅឡានពេទ្យប្រហែលគេមកយកទៅព្យាបាល ឬក៏ស្លាប់ក្នុងផ្ទះ ឬក្នុងឡានពេទ្យតែម្តង។ គេមិនទទួលទេអ្នកជំងឺល្មមៗ ព្រោះនៅមន្ទីរពេទ្យគេទុកសម្រាប់តែអ្នកឈឺខ្លាំង គេខ្វះខាតគ្រែដេក បន្ទប់មិនគ្រប់គ្នា។ គឺពិបាកចិត្តណាស់ពេលឈឺក្នុងសម័យកូវីដនេះ»។
គិតរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក និងប្រទេសជាច្រើននៅអឺរ៉ុប កំពុងរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។ សហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លងជាង៣សែននាក់ ក្នុងនោះជាង៨ពាន់នាក់បានស្លាប់ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងកូវីដ១៩ ជាង១.២សែននាក់ ក្នុងនោះមនុស្សជាង១.១ម៉ឺននាក់បានស្លាប់ ប្រទេសអ៉ីតាលី មានអ្នកឆ្លងជាង១.២សែននាក់ ក្នុងនោះមានអ្នកជំងឺជាង១.៥ម៉ឺននាក់បានស្លាប់ ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លង៩ម៉ឺននាក់ ក្នុងនោះមានជាង១.៤ពាន់នាក់ស្លាប់ ខណៈដែលប្រទែសបារាំងមានអ្នកឆ្លងជិត៩ម៉ឺននាក់ ក្នុងនោះមាន៧.៥ពាន់ស្លាប់។
ប្រទេសទាំងនោះ កំពុងប្រឈមជាមួយនឹងកង្វះខាតសម្ភារៈវេជ្ជសាស្រ្ត និងសម្ភារៈការពារជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លាផងដែរ។
ទន្ទឹមគ្នានឹងការលាតត្រដាងភាពទន់ខ្សោយ និងការបាត់ភាពម្ចាស់ការនៅអឺរ៉ុប ស្រ្តីខាងលើនេះ ក៏អំពានាវឱ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា យកចិត្ទុកដាក់មើលថែសុខភាព និងការពារខ្លួនកុំឱ្យមានការឆ្លងធ្ងន់ធ្ងរដូចនៅសហរដ្ឋអាមេរិក និងអឺរ់ុប។ ស្រ្តីរូបនេះនិយាយថា៖ «កុំមើលស្រាលមេរោគ និងសូមជួយគ្នាការពារទៅ និងអាណិតអ្នកគ្រូពេទ្យ លោកគ្រូពេទ្យ និងអ្នកមើលថែផ្ទាល់អ្នកជំងឺ។ កុំឱ្យកើនច្រើនអី ខ្លាចខ្វះខាតសម្ភារៈ ខ្វះខាតធនធានពេទ្យ និងមន្ទីរពេទ្យសម្រាប់ដាក់អ្នកឈឺផងដែរ»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងកូវីឌ១៩ ចំនួន១១៤ករណី ក្នុងនោះមាន៥០ករណី បានព្យាបាលជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៦៤នាក់ប៉ុណ្ណោះ៕