(ភ្នំពេញ)៖ នៅរយៈពេល៣ខែដើមឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច (នគរបាល និងអាវុធហត្ថ) បានបង្ក្រាបបទល្មើសគ្រឿងញៀន បាន២៥២១ករណី ឃាត់មនុស្ស៥០៥៦នាក់ និងរឹបអូសថ្នាំញៀនបានជាង៧៨គីឡូក្រាម។ នេះបើតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ។
របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សរុបមានចំនួន ២៥២១ករណី ឃាត់មនុស្ស ៥០៥៦នាក់ (ស្រី៣០២នាក់) ក្នុងជនបរទេស៥៥នាក់ ស្រី៦នាក់ មាន៦សញ្ជាតិ។
* ករណីជួញដូររក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ១៥៣៥ករណី ឃាត់២៨៧១នាក់ (ស្រី២២៤នាក់)
* ករណីប្រើប្រាស់ ៩៨៦ករណី ឃាត់២១៨៥នាក់ (ស្រី៧៨នាក់)
* អនុវត្ដន៍ដីកា៖ ១០០ដីកាឃាត់៩៣នាក់ (ស្រី២នាក់)
ការបង្ក្រាបនេះសមត្ថកិច្ចបានរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង៧៨គីឡូក្រាម និង៩៣៤កញ្ចប់តូច, កញ្ឆា១៦៤៩៩ដើម និងជាង៥៤គីឡូក្រាម។ សម្ភារចាប់យកមាន រថយន្ដ ១៩គ្រឿង ម៉ូតូ ៤៣៦គ្រឿង ទូរស័ព្ទ ១២៤២គ្រឿង ជញ្ជីង៧៩គ្រឿង អាវុធខ្លី៣ដើម អាវុធវែង៤ដើម៕