(ស្វាយរៀង)៖ ថវិកា និងសម្ភារវេជ្ជសាស្ត្រ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា និងលោកស្រី យស់ ស៉ីមន ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន មន្នី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក-ក្រុងទាំងពីរ នាំយកទៅប្រគល់ជូនរដ្ឋបាលស្រុក-ក្រុងទាំងពីរ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ សម្រាប់ប្រើប្រាស់ទៅតាមបណ្តាឃុំ-សង្កាត់នានា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍ឯក រ័ត្ន មន្នី បានផ្តាំផ្ញើនូវការសាកសួរសុខទុកពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រី យស់ ស៉ីមន ដែលជានិច្ចកាលតែងតែនឹករលឹកដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទនៅក្នុងស្រុកចន្ទ្រា និងក្រុងបាវិត។

លោកបានបន្ថែមថា ដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យមានការចម្លងជំងឺ Covid-19 នេះ រដ្ឋបាលស្រុកចន្ទ្រា និងក្រុងបាវិត ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩នេះទាំងអស់គ្នា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងនូវការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុល ឬជែលជាប្រចាំចៀសវៀងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត ២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាព ប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យនៅក្បែលំនៅដ្ឋាន ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាល នៅគ្លីនិកឯកជន ដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

លោកបានបន្តថាអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់ នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន ជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេស ត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

អំណោយរបស់លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រី ដែលនាំទៅប្រគល់ជូនរដ្ឋបាលស្រុកចន្ទ្រា និងក្រុងបាវិតនាពេលនេះ រួមមាន ប្រេង សាំង ក្រមា អាកុល និងដបដាក់អាកុល និងថវិកាមួយស្រុក-ក្រុងទទួលបាន ២,៩០០,០០០រៀល ដោយសរុបថវិកាចំណាយទាំងពីរក្រុង-ស្រុកអស់ ៣៣,៦៣២,០០០រៀល៕