(ភ្នំពេញ)៖ ក្រមស៊ើបសួរ នៃសាលារាជធានីភ្នំពេញ នាថ្មីៗនេះ បានសម្រេច ចោទប្រកាន់លោក ពេជ្រ ព្រហ្មមុនី ជាមនុស្សជំនិតអតីតប្រធាន សាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ចំនួន២ករណីថែមទៀត ហើយបន្តឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស។
មន្រ្តីតុលាការបានឱ្យដឹងថា ចំពោះបទល្មើសថ្មីនេះ លោក ពេជ្រ ព្រហ្មមុនី ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ សម្រេច ចោទប្រកាន់ពីបទ៖ «ជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ និង បទជំនួញឥទ្ធិពលអកម្ម» តាមបញ្ញាតមាត្រា ៦០៩ និង ៥៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលនឹងត្រូវផ្តន្ទាទោស ពី៥ទៅ១០ឆ្នាំ ។
គួររំឮកថា ជនជាប់ចោទ ពេជ្រ ព្រហ្មមុនី កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសដាក់គុក កំណត់១៨ខែ តែទោសអនុវត្តនៅក្នុងពន្ធនាគារត្រឹមតែ ១០ខែ ប៉ុណ្ណោះ ទោសនៅសេសសល់ត្រូវព្យួរទាំង អស់ ពីបទ៖ ជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ និងបទ៖ ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ៕